រដូវកាល ២០២០/២១ នៅក្របខ័ណ្ឌ La Liga បានឈានចូលមកដល់ទីបញ្ចប់ហើយ ជាលទ្ធផលក្រុមលេខ ១ បានទៅលើ Atletico Madrid ដែលមាន ៨៦ ពិន្ទុ លេខ ២ បានទៅលើ Real Madrid ដែលមាន ៨៤ ពិន្ទុ និងលេខ ៣ គឺ Barcelona មាន ៧៩ ពិន្ទុ។
នៅជុំចុងក្រោយជាប្រកួតដ៏ស្វិតស្វាញ សម្រាប់ Atletico Madrid ដែលពួកគេត្រូវបាន Real Valladolid នាំមុខមុន ១ គ្រាប់ ហើយដល់តង់ទីពីរ ទើប Angel Correa និង Luis Suarez បំបែកគ្រាប់បាល់ជួយក្រុមយកឈ្នះ ក្លាយជាម្ចាស់ជើងឯក La Liga។ ស្របពេល Real Madrid ដែលពឹងដង្ហើមចាញ់-ឈ្នះរបស់ At ក៏ពួកគេខិតខំណាស់ដែរ ដោយបានវាយបកយកឈ្នះ Villareal ២-១។
សម្រាប់ពានរង្វាន់ La Liga លើកទី ១១ របស់ Atletico Madrid គឺពួកគេត្រូវរង់ចាំដល់ទៅ ៧ ឆ្នាំឯណោះ ទម្រាំតែបានឈ្នះវាសារជាថ្មី ហើយឈ្នះទាំងប្រផុតប្រផើយ ប៊ិះត្រូវ Real Madrid ដណ្តើមយកបានទៀត។ យ៉ាងណាជាមួយជ័យជម្នះនេះដែរ ក្រៅពីការដឹកនាំដ៏ល្អរបស់អ្នកចាត់ការលោក Diego Simeone ក៏វាគួបផ្សំនូវការខិតខំរបស់កីឡាករ ហើយជាពិសេសគឺអតីតកីឡាករ Real Madrid និង Barcelona ចំនួន ២ រូប។
នៅ ២ រដូវកាលចុងក្រោយ Atletico Madrid ចំណាយលើថ្លៃនាំចូលកីឡាករសរុបអស់ ៣៣៤ លានអឺរ៉ូ ដោយក្នុងនោះមានកីឡាករ Real Madrid គឺ Marcos Llorente នៅតម្លៃ ៣០ លានអឺរ៉ូ ចុះហត្ថលេខាយកបាននៅថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៩ និង កីឡាករ Barcelona គឺ Luis Suarez នៅតម្លៃ ៧ លានអឺរ៉ូ យកបានកាលពីថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០២០។ តើការមកដល់របស់អ្នកទាំងពីរជួយអ្វីបានខ្លះដល់ Atletico ហើយពេលនេះតម្លៃរបស់ពួកគេកើនឡើងដល់កម្រិតណា?
សម្រាប់ខ្សែបម្រើវ័យ ២៦ ឆ្នាំ Llorente កាលនៅ Real Madrid គេបង្ហាញខ្លួនឲ្យឈុតធំបានត្រឹម ៣៩ ប្រកួត រកបាន ២ គ្រាប់ប៉ុណ្ណោះ។ ដោយនៅតំបន់បម្រើរបស់អធិរាជស គរជើងស្រាប់ផងនោះ ក្លឹបក៏សម្រេចលក់ Llorente ឲ្យមក At Madrid ដែលនៅក្លឹបថ្មីនេះកីឡាករអេស្ប៉ាញមានឱកាសចូលរួមយ៉ាងសកម្មលើទីលាន ហើយក៏ទទួលបានទំនុកចិត្តពេញទំហឹងពីគ្រូសញ្ជាតិអាហ្សង់ទីន Simeone។
នៅការបង្ហាញខ្លួន ៨១ ប្រកួតរបស់ Llorente គេរកបាន ១៨ គ្រាប់និង Assist ១៧ លើក។ នៅរដូវកាល ២០២០/២១ នេះ គឺគេធ្វើបានល្អបំផុត ដោយរមែងរកបានគ្រាប់បាល់និង Assist សឹងតែគ្រប់ការប្រកួត តាមរយៈការឈរជើងសរុប ៣ ៦១៨ នាទី។ ស្របពេលដែលកុងត្រារបស់គេមានសុពលភាពដល់ឆ្នាំ ២០២៤ អមនឹងការលេងដ៏ល្អនេះផង ក៏បានរុញឲ្យតម្លៃខ្លួន Llorente ឡើងមកដល់ ៧០ លានអឺរ៉ូនៅពេលបច្ចុប្បន្ន ពោលគឺលើស ១ ទ្វេជា ២ ធៀបនឹងកាលទិញពី Real Madrid។
តម្លៃនេះនាំឲ្យ Llorente ឈរឈ្មោះជាកីឡាករថ្លៃបំផុតលំដាប់ទី ៨ នៅ La Liga ដោយចាញ់កីឡាករថ្លៃបំផុតរបស់ Real គឺ Thibaut Courtois ត្រឹម ៥ លានអឺរ៉ូប៉ុណ្ណោះ។
ក្រឡេកមក Luis Suarez ឯណេះវិញ ក៏កាន់តែធ្វើឲ្យក្លឹប Barcelona ឆ្អែតចិត្ត ព្រោះអាចនិយាយបានថា Atletico រដូវកាលនេះ បើគ្មាន Suarez ក៏ពួកគេមិនលើកពាននោះដែរ អ៊ីចឹងស្មើនឹងអ្នកមានបុណ្យជួយចូកជួយចែវឲ្យ At ឆ្ពោះមកដល់គោលដៅហើយ។
យើងមិនដឹងច្បាស់នោះទេថាហេតុអ្វីបានជា Barcelona លក់ Suarez ចេញ ហើយលក់ក្នុងតម្លៃធូរត្រឹមតែ ៧ លានអឺរ៉ូថែមទៀតមកឲ្យ Atletico។ ចាប់ពីចុងឆ្នាំ ២០២០ រៀងមកកីឡាករអ៊ុយរុយហ្គាយបានបង្ហាញខ្លួនជាប់លាប់នៅ Atletico ហើយគេរកបាន ២១ គ្រាប់និង Assist ៣ លើកនៅការបង្ហាញខ្លួន ៣៨ ប្រកួត ស្មើនឹងជិត ៣ ០០០ នាទីលើទីលាន។
តម្លៃខ្លួនរបស់ Suarez ពេលនេះក៏ហក់ឡើងលើស ១ ទ្វេជា ២ ដែរ ពោលគឺមកដល់ ១៥ លានអឺរ៉ូ ខណៈដែលសុពលភាពកុងត្រារបស់គេជាមួយក្លឹបត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២។
ពាក្យពេចន៍ដ៏មានន័យរបស់កីឡាករអ៊ុយរុយហ្គាយ បាននិយាយបែបនេះក្រោយ At ឈ្នះពាន៖ “ខ្ញុំទទួលរងបទពិសោធន៍ដ៏អាក្រក់ ដោយ Barcelona មិនឲ្យតម្លៃខ្ញុំ មើលស្រាលខ្ញុំ ហើយ Atletico បែរជាបើកទ្វារទទួលយកខ្ញុំ ដោយខ្ញុំពិតជារីករាយជាមួយក្លឹបដែលជឿជាក់ឲ្យតម្លៃខ្ញុំពេលនេះខ្លាំងណាស់”។
Luis Suarez breaks down in tears talking to his family after leading Atletico Madrid to their first La Liga title in seven years 🏆😭 pic.twitter.com/APEOg5FPpD
— Metro Sport (@Metro_Sport) May 22, 2021
គួរបញ្ជាក់ថា រដូវកាល ២០២១/២២ នៅ La Liga នឹងបើកដំណើរការចាប់ពីថ្ងៃទី ១៣ សីហាខាងមុខតទៅ តែមុននោះក៏នឹងមានព្រឹត្តិការណ៍ដ៏ធំនៅការប្រកួតជម្រើសជាតិ រួមមានដូចជា Euro និង Copa America ដែលធ្វើឡើងនៅខែមិថុនា ហើយមានផ្សាយផ្ទាល់លើទំព័រ CTS Sports៕