អនាគតរបស់ Lionel Messi ជាមួយក្លឹប Barcelona នឹងត្រូវបានសម្រេចក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយច្បាស់ថា លោកនឹងបន្តការឈរជើងនៅក្លឹបអេស្ប៉ាញ ឬជ្រើសរើសការចាកចេញទៅចូលរួមនៅក្លឹបដទៃណាមួយ។
បើតាមការយល់ឃើញពីអតីតវីរបុរសនៅជម្រើសជាតិអាហ្សង់ទីនលោក Mario Kempes បានបង្ហាញយោបល់បែបនេះថា M10 គួរតែចាកចេញពី Barcelona ហើយទៅចូលរួមនៅក្លឹបដទៃ ដោយអាចជាមួយលោក Pep Guardiola ក៏បាន ឬនៅក្លឹប ២ ផ្សេងទៀតក៏បាន។
Kempes និយាយប្រាប់ Sports Bild៖ “[Messi] គេគួរតែចាប់ដៃរួបរួមជាថ្មីជាមួយលោក Guardiola [នៅក្លឹប Man City] ឬទៅ PSG ឬទៅ Bayern Munich ព្រោះនៅទីនោះសុទ្ធតែជាក្លឹបដែលមានលុយនិងមានកីឡាករអាចជ្រោមជ្រែងឲ្យទទួលបានជោគជ័យ”។
លោកបន្ត៖ “Messi គេទទួលបានភាពសុខស្រួលនៅ Barcelona តែបើនិយាយពីឱកាសឈ្នះពាន Champions League សារជាថ្មីនៅ Barcelona គឺទាបខ្លាំងណាស់ ហើយក៏ពិបាកនឹងកសាងប្រព័ន្ធលេងថ្មីនោះដែរ បើមើលតាមបញ្ហាហិរញ្ញវត្ថុដែលពួកគេជួបប្រទះពេលនេះ”៕
ប្រភព៖ Marca