ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League រវាង Man Utd និង Villarreal គឺសល់ពេលតែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ ហើយក្រុមទាំងពីរក៏កំពុងដុតដៃដុតជើងបណ្តើរៗ ខណៈដែលការប្រកួតក្នុងលីគ សុទ្ធតែត្រូវបញ្ចប់ត្រឹមចុងសប្តាហ៍នេះ។
យ៉ាងណា United សល់ ១ ជុំក្នុងដៃ ក៏ទើបតែស្មើ ១-១ ទល់ Fulham កាលពីយប់មិញ តែបើតាមការបញ្ជាក់ពីខ្សែបម្រើឆ្នើម Bruno Fernandes មើលឃើញថា ក្រុមកំពុងមានចំណុចខ្សោយត្រូវកែតម្រូវ នោះគឺការបញ្ចប់ទី ដែលនៅរាងស្ទើរបន្តិច ហើយមួយផ្សេងទៀតគឺឆន្ទៈដែលមិនខំប្រឹងដូចមុន ព្រោះពួកគេអស់ឱកាសប្រជែងយកលេខ ១ ហើយនោះ។
ប្រាប់ Sky Sports កីឡាករសញ្ជាតិព័រទុយហ្គាល់និយាយ៖ “ពេលអ្នកត្រូវបញ្ចប់រដូវកាល ទាំងមិនបាច់ខំប្រឹងយកលេខ ១ នៅ Premier League ពេលខ្លះធ្វើឲ្យយើងធ្វើរឿងដែលមិនត្រឹមត្រូវ ដូចជាការរបូតគ្រាប់បាល់និងការបង្កកំហុសមួយចំនួន”។
លោកបន្ថែមថា៖ “យើងលេងបានល្អហើយ តែបញ្ហាគឺត្រង់យើងបង្កើតឱកាសច្រើន តែមិនអាចបញ្ចប់ទី ដោយបញ្ហានេះខ្ញុំគិតថានឹងផ្លាស់ប្តូរឲ្យល្អជាងនេះនៅពេលបន្ទាប់ ហើយពេលវេលានេះគឺយើងត្រូវផ្តោតលើការប្រកួតបន្ទាប់ទល់ Wolves”៕
ប្រភព៖ Sportskeeda