ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍កីឡាករមួយរូបទៀតហើយរបស់ក្លឹប Sporting Lisbon បន្ទាប់ពីមើលឃើញផ្លែផ្កាក្រោយនាំយក Bruno Fernandes មក Old Trafford។
អ្នកបន្ទាប់នេះគឺជាយុវជន Nuno Mendes លេងតំណែងខ្សែការពារ មានអាយុទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ តែគេបានបង្ហាញខ្លួនឲ្យ Sporting សរុប ៤៤ ប្រកួតរួចមកហើយ និងកំពុងបន្តជួយក្លឹបត្រៀមនឹងឈ្នះពានរង្វាន់លីគកំពូលព័រទុយហ្គាល់ ក្រោយខកខានអស់រយៈពេល ១៩ ឆ្នាំ។
បើតាមរបាយការណ៍ពី TheSun បានចុះផ្សាយ បិសាចក្រហមកំពុងស្ថិតក្នុងការចរចាលើការនាំយកកីឡាករព័រទុយហ្គាល់ខាងលើ ជាមួយតម្លៃផ្ទេរប្រមាណ ៥២ លានផោន។ ការនាំយក Mendes ក្លឹបរំពឹងនឹងអាចពង្រឹងបន្ថែមនៅតំបន់ការពារស្លាបឆ្វេង ដែលសព្វថ្ងៃមាន Luke Shaw និង Alex Telles តែមិនទាន់ជាល្អឥតខ្ចោះនៅឡើយ។
រំឭកថា Sporting កាលពីខែមករា ឆ្នាំ ២០២០ ក៏បានប្រគល់គ្រាប់ពេជ្រដែលមានតម្លៃ ៥៥ លានផោនមួយរូប នោះគឺ Bruno Fernandes ឲ្យមក United ដែរ ហើយត្រឹមរយៈពេលខ្លីគេបានជោគជ័យ និងជួយឲ្យក្លឹបឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ Europa League រដូវកាលនេះទៀតផង៕
ប្រភព៖ AF