តារាប្រដាល់ថៃល្បីជើងធ្ងន់ Tawanchai PK.Saenchai Muaythaigym
បានបង្កចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការប្រកួតលើកដំបូងរបស់ខ្លួន ONE Super Series តាមរយៈផ្តួលជើងឯកមួយថៃពិភពលោក WBC មកពីប្រទេសអៀរឡថង់
Sean “Clubber” Clancy ឲ្យសន្លប់ក្នុងទឹកទី៣ដោយបច្ចេកទេសដ៏អស្ចារ្យនៅ ONE: DANGAL។
ព្រឹត្តិការណ៍ប្រកួតដែលចាក់ផ្សាយនៅថ្ងៃទី១៥ ខែឧសភា តារាប្រដាល់រូបសង្ហា Tawanchai បានប្រើបច្ចេកទេសល្អឥតខ្ចោះក្នុងការប្តូរជាមួយនឹង Clancy ដែលព្យាយាមចូលវ៉ៃលើរូបដោយគ្មានញញើតអ្វីបន្តិចសោះ។ តាមមើលទម្រង់វ៉ៃរបស់ Tawanchai មិនមើលស្រាលដៃគូឡើយ រូបគេបានវ៉ៃចេញមួយៗហើយស្ទ់ើរតែផ្តួលឲ្យសន្លប់នៅទឹកទី១ម្ល៉េះ។
អ្នកលេងមួយថៃបានចេញអាវុធទាំងព្រមតែម្តងគឺ កណ្តាប់ដៃ ទាត់ និងកែងដែលមានប្រៀបទាំងស្រុងលើកីឡាករអៀរឡង់។ កណ្តាប់ដៃរបស់គេពិតជាវ៉ៃចេញចំគោលដៅបានល្អៗ ហើយការទាត់ក៏លើក៏មានចំគោលដៅល្អដែរ ប៉ុន្តែ Clancy លើកដៃការពារបានល្អ។ ទន្ទឹមជាមួយនឹងការទាត់ និងកណ្តាប់ដ៏មានប្រសិទ្ធភាព Tawanchai បានវ៉ៃមួយដៃឆ្វេងបណ្តាលឲ្យដៃគូដួលអុកគូថរហូតអាជ្ញាកណ្តាលរាប់៨ម្តង។
ទោះបីជាទទួលរកកណ្តាប់ដៃ កែង និងទាត់យ៉ាងណា ក៏ Clancy នៅតែបង្ហាញជំហររឹងមាំ ដោយបានព្យាយាមចូលវ៉ៃ ប៉ុន្តែមើលទៅការចេញអាវុធកណ្តាប់ដៃ និងទាត់របស់គេមិនទម្ងន់សោះ។ អ្វីដែលកត់សំគាល់របស់រូបគេគឺបានត្រឹមតែរឹងមាំ និងស៊ូប៉ុណ្ណោះ ខណៈការវ៉ៃចេញអាវុធមិនមានប្រសិទ្ធភាពសោះ។
យ៉ាងណា នៅទឹកទី២ Tawanchai មិនបានព្យាយាមវ៉សម្រុកខ្លាំងទេ។ រូបគេនៅតែព្យាយាមវ៉ៃមួយៗតាមបច្ចេកទេសដែរ។ នៅទឹកនេះ កីឡាករអៀរឡង់បានទទួលរងការវ៉ៃកែងច្រើនណាស់ដែលធ្វើឲ្យរូបគេបែកឈាមហូរជោកខ្លួន។
នៅទឹកទី៣ Clancy ហាក់កាន់តែមានការប្រេឹងប្រែងខ្លាំងឡើងដោយបានព្យាយាមចូលវ៉ៃ ទាត់ និងក្រវាត់ដៃទៅក្រោយថែមទៀត ប៉ុន្តែធ្វើអ្វីមិនកក្រើកដល់ Tawanchai ឡើយ។ ផ្ទុយទៅវិញ កីឡាករថៃរូបនេះនៅតែបន្តចេញកណ្តាប់ដៃឆ្វេងស្តាំមួយៗពីរ ហើយទាត់ផ្កាប់ចាន់ជាបន្តបន្ទាប់។
ចំពេលដែកីឡាករអៀរឡើងហាក់ដូចជាភ្លេចលើកដៃការពារមុខ ក៏ស្រាប់តែតារាប្រដាល់ថៃម្នាក់ទាត់ផ្កាប់ចានជើងឆ្វេងឲ្យចំកញ្ចង់កបណ្តាលឲ្យដួលគ្រឹប ហើយអាជ្ញាកណ្តាលលែងរាប់គឺបញ្ឈប់ការតែប្រកួតម្តង។
ជ័យជម្នះដោយផ្តួលដៃគូឲ្យសន្លប់នេះបានផ្តល់ឲ្យ Tawanchai មានប្រវត្តិប្រកួតឈ្នះ១២៥ដង ចាញ់៣០ដង និងមោឃៈ២ដង។ តាមរយៈជ័យជម្នះនេះ រូបគេអាចនឹងទៅជួបដៃគូចាស់ចំណាត់ថ្នាក់លេខ៣
Kulabdam Sor និងអាចឈានដល់ទៅការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Bantamweight ជាមួយមិត្តរួមជាតិ Nong-O Gaiyanghadao ដែលកំពុងរង់ចាំដៃគូប្រកួត៕