ក្រុមជម្រើសជាតិអត្តពលកម្មជិត៣០នាក់ បន្តការហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១

ក្រុមកីឡាករ កីឡាការិនីអត្តពលកម្មសរុបចំនួន២៧នាក់កំពុងដំណើរការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ត្រៀមចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានលើកឡើងថា ដោយទទួលបានគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា, សហព័ន្ធកំពុងលើកទឹកចិត្តឱ្យក្រុមកីឡាករ-កីឡាការិនីទាំងអស់នេះយកចិត្តទុកដាក់ហ្វឹកហាត់តាមកម្មវិធីរបស់គ្រូបង្វឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងឆ្នាំ២០២១។ ប៉ុន្ដែក្នុងចំណោមកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ នៅមិនទាន់ច្បាស់បានទៅ ឬអត់នោះទេ ពីព្រោះស៊ីហ្គេមឆ្នាំនេះ ម្ចាស់ផ្ទះវៀតណាមបានកំណត់បង្ហាញនូវវិញ្ញាសាប្រកួតសរុបចំនួន៤៧វិញ្ញាសា។ ដូច្នេះហើយកីឡាករ កីឡាការិនីទាំងអស់ ត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាពជាមុនសិន ប្រសិនបើពួកគេសម្រេចបានថិរវេលា ដែលអាចប្រកួតប្រជែង ឬប្រហាក់ប្រហែលអាចឈានចូលជុំផ្ដាច់ព្រ័ត្រ ទើបសហព័ន្ធបញ្ជូនទៅ។

កីឡាអត្តពលកម្ម គឺជាប្រភេទកីឡា ដែលមានវិញ្ញាសាប្រកួតច្រើនជាងគេ ក្នុងចំណោមកីឡា ៤០ប្រភេទ ដែលវៀតណាមបានដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាចុងឆ្នាំ២០២១។ ប៉ុន្ដែសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តនៅមិនទាន់កំណត់អត្តពលិកត្រូវបញ្ជូនទៅចូលរួមនោះនៅឡើយទេ។ ទោះយ៉ាងនេះក្តី ក៏សហព័ន្ធក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាកំពុងតែលើកកម្ពស់នូវស្មារតីរបស់កីឡាករ កីឡាការិនីទាំងអស់ ឱ្យប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុក ដាក់ ដើម្បីមានឱកាសចូលរួមព្រឹត្តិការណ៍កីឡាប្រចាំតំបន់២ឆ្នាំម្ដងនេះ។ តាមការគ្រោងទុក កម្ពុជាគ្រោងបញ្ជូនអត្តពលិកសរុបចំនួន៣២ប្រភេទកីឡា ទៅចូលរួមប្រកួតយកមេដាយផងដែរ។

កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ៊្វីលីពីន កម្ពុជាដណ្តើមបានមេដាយមាស៤វិញ្ញាសា ប្រាក់៦ និងសំរឹទ្ធិសរុប៣៦វិញ្ញាសា ដោយដណ្តើមចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមបណ្តាប្រទេសទាំង ១១នៃសមាជិកកីឡាអាស៊ីអាគ្នេយ៍។ តាមយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់ថា ស៊ីហ្គេម ឆ្នាំ២០២១នៅវៀតណាម គឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយ ដើម្បីវាស់ស្ទង់កម្រិតគុណភាពបច្ចេកទេសរបស់ខ្លួន មុនពេលឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT