រង្គើ​ចិត្ត​អ្នក​គាំទ្រ! ចុង​សប្ដាហ៍​នេះ នឹង​មាន​រឿង​ក្តៅ​គគុក​ ៤ នៅ​លីគ​កំពូល​អឺរ៉ុប

ការ​ប្រកួត​នៅ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប នឹង​ឈាន​មក​ដល់​វគ្គ​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ ហើយ​យើង​ក៏​នឹង​សម្រេច​រក​ឃើញ​នូវ​ឈ្មោះ​ក្រុម​ឈ្នះ​ជើង​ឯក ក៏​ដូច​ជា​ក្រុម​មាន​កៅអី​ទៅ​ចូលរួម​នៅ​ការ​ប្រកួត​ពាន​អឺរ៉ុប​របស់ UEFA នៅ​រដូវ​កាល​ក្រោយ។

ក្នុង​ចំណោម​លីគ​កំពូល​ទាំង ៥ គឺ​មាន​តែ Bundesliga មួយ​គត់ ដែល​បាន​សម្រេច​រួចរាល់​ហើយ ដ្បិត​បើ​ការ​ប្រកួត​សល់ ១ ជុំ​ទៀត​ក្តី។ នោះ​គឺ​ក្រុម​ឈ្នះ​ជើង​ឯក​បាន​ទៅ​លើ Bayern Munich ហើយ​ក្រុម​អាច​លេង​នៅ UCL មាន RB Leipzig, Dortmund និង Wolfsburg។

យ៉ង​ណា​អ្វី​ដែល​រង្គោះរង្គើ​អារម្មណ៍​អ្នក​គាំទ្រ​ខ្លាំង​បំផុត​នៅ​ចុង​សប្តាហ៍​នេះ គឺ​នៅ​លីគ​ចំនួន ៤ ផ្សេង​ទៀត ដែល​ក្រុម​ទាំង​អស់​មាន​ពិន្ទុ​ប្រកៀកប្រកិត​គ្នា​ខ្លាំង តែ​គ្រប់​យ៉ាង​ក៏​នឹង​ត្រូវ​សម្រេច​ត្រឹម​រយៈ​ពេល ១ សប្តាហ៍​ចុង​ក្រោយ​នេះ។

១) ក្របខ័ណ្ឌ​ La Liga

នៅ​លីគ​កំពូល​អេស្ប៉ាញ អ្វី​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ចង់​ដឹង​បំផុត​នោះ គឺ​ក្រុម​ដែល​នឹង​ត្រូវ​ឈ្នះ​ពាន រវាង Atletico Madrid និង Real Madrid។ នៅ​ជុំ​ទី ៣៧ ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeone មាន ៨៣ ពិន្ទុ ខណៈ​ក្រុម​ដឹកនាំ​ដោយ​លោក Zinedine Zidane មាន ៨១ ពិន្ទុ។

​លទ្ធផល​សម្រេច​យើង​នឹង​បាន​ឃើញ​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី ២៣ ​ឧសភា ដោយ Atletico Madrid ត្រូវ​ប៉ះ Valladolid ខណៈ Real Madrid ត្រូវ​ប៉ះ Villarreal។ ​ក្នុង​ករណី​ដែល At ឈ្នះ ពួក​គេ​នឹង​ក្លាយ​ជា​ក្រុម​ឈ្នះ​ពាន ដោយ​មិន​ខ្វល់​ពី​លទ្ធផល​របស់ Real តែ​បើ​ At ស្មើ ហើយ Real ឈ្នះ នោះ​គេ​នឹង​ប្រៀបធៀប​ស្ថិតិ Head To Head ដើម្បី​សម្រេច​យក​ក្រុម​ឈ្នះ​ពាន។ មួយ​ផ្សេង​ទៀត​នៅ​ករណី​ដែល At ចាញ់ ហើយ Real ឈ្នះ នោះ Real នឹង​ក្លាយ​ជា​ក្រុម​ឈ្នះ​ពាន ដោយ​នាំ​មុខ ១ ពិន្ទុ។

២) ក្របខ័ណ្ឌ Ligue 1

ដូច​គ្នា​ទៅ​នឹង La Liga ដែរ ដោយ​នៅ Ligue 1 ​គិត​ត្រឹម​ជុំ​ទី ៣៧ ក្រុម Lille កំពុង​ឈរ​កំពូល​តារាង ដោយ​មាន ៨០ ពិន្ទុ នាំ​មុខ ១ ពិន្ទុ​គត់​ទៅ​លើ PSG។

នៅ​ជុំ​ទី ៣៨ នា​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ចន្ទ ទី ២៤ ឧសភា Lille នឹង​ត្រូវ​ប៉ះ Angers ខណៈ PSG នឹង​ត្រូវ​ប៉ះ Brest នៅ​កាលបរិច្ឆេទ​តែ​មួយ។ Lille ដែល​ខកខាន​លើក​ពាន​តាំង​ពី​ឆ្នាំ ២០១១ នឹង​អាច​ឈ្នះ​ពាន​សារ​ជា​ថ្មី​ ក្នុង​ករណី​ដែល​អាច​យក​បាន ៣ ពិន្ទុ​នៅ​ជុំ​ចុង​ក្រោយ ឬ​ស្មើ​យក​បាន ១ ពិន្ទុ តែ​ក៏​ទាមទារ​ឲ្យ PSG ស្មើ​ឬ​ចាញ់​នៅ​ជុំ​ចុង​ក្រោយ​នោះ​ដែរ។

៣) ក្របខ័ណ្ឌ Serie A

នៅ​លីគ​កំពូល​អ៊ីតាលី គេ​ដឹង​រួច​ហើយ​ពី​ក្រុម​ឈ្នះ​ជើង​ឯក​ដែល​បាន​ទៅ​លើ Inter Milan តែ​ក្រុម​ណា​ជាប់ Top 4 ខ្លះ​នោះ គឺ​ពិបាក​នឹង​ស្មាន ព្រោះ​លំដាប់​ពិន្ទុ​ប្រកៀក​គ្នា​ខ្លាំង មិន​ថា​តែ​ក្រុម​ឈរ​លេខ ២ Atalanta មក​ដល់​ក្រុម​ឈរ​លេខ ៥ Juventus។

ក្នុង​ចំណោម ៤ ក្រុម​មាន Atalanta, Napoli, AC Milan និង Juventus នឹង​ត្រូវ​មាន ១ ដែល​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ Europa League ហើយ​សេះ​បង្កង់​គឺ​ជា​ក្រុម​ដែល​មាន​ភាគរយ​ធ្លាក់ ខ្ពស់​ជាង​គេ​បង្អស់​បើ​គិត​ត្រឹម​ជុំ​ទី ៣៧ នេះ។ Juventus មាន ៧៥ ពិន្ទុ ចាញ់ AC Milan ១ ពិន្ទុ ចាញ់ Napoli ២ ពិន្ទុ និង​ចាញ់ Atalanta ៣ ពិន្ទុ។ បើ​សួរ​ថា Juventus រំពឹង​អាច​ជាប់​ Top 4 បាន​ដោយ​របៀប​ណា​នោះ? ចម្លើយ៖ គឺ​ដាច់​ខាត Juventus ត្រូវ​តែ​ឈ្នះ ហើយ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ប្រកួត​របស់​ក្រុម​ទាំង ៣ បើ​ពួក​គេ​ស្មើ ឬ​ចាញ់ នោះ​គឺ​បាន​ឡើង តែ​បើ​ពួក​គេ​ឈ្នះ​នៅ​ជុំ​ចុងក្រោយ​ទី ៣៨ នោះ​ពាក្យ​ថា “Ronaldo ត្រូវ​ទៅ​លេង​នៅ Europa League” គឺ​ប្រាកដ​ជា​កើត​មាន​ហើយ​នៅ​រដូវ​កាល​ក្រោយ។

៤) ក្របខ័ណ្ឌ Premier League

Man City គេ​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក លែង​ខ្វល់​ពី​នរណា​ហើយ ខណៈ Man Utd ក៏​លំដាប់​ពិន្ទុ​របស់​គេ អាច​ធានា​បាន​ថា​នឹង​ឈរ​ Top 4 ១០០ ភាគរយ​ដែរ។ នៅ​ឡើយ​តែ Leicester City, Chelsea និង Liverpool ដែល​កំពុង​ខ្វល់​ចិត្ត ព្រោះ​មាន​ ១ ក្នុង​ចំណោម ៣ ត្រូវ​ធ្លាក់​ទៅ​លេង​នៅ Europa League។

គិត​ត្រឹម​ជុំ​ទី ៣៦ Liverpool សង្ឃឹម​ទាប​ជាង​គេ ព្រោះ​ហង្ស​កំពុង​ឈរ​នៅ​លេខ ៥ មាន ៦៣ ពិន្ទុ ខណៈ Chelsea មាន ៦៤ ពិន្ទុ និង Leicester City មាន ៦៦ ពិន្ទុ។ ការ​ប្រកួត​ ២ ជុំ​ចុង​ក្រោយ​នឹង​កើត​ឡើង​ក្នុង​សប្ដាហ៍​តែ​មួយ ដោយ៖

Leicester City ត្រូវ​ប៉ះ Chelsea នៅ​ថ្ងៃ​ពុធ ហើយ​ប៉ះ Tottenham នៅ​ថ្ងៃ​អាទិត្យ
Chelsea ត្រូវ​ប៉ះ Leicester ​នៅ​ថ្ងៃ​ពុធ ហើយ​ប៉ះ Aston Villa ​នៅ​ថ្ងៃ​អាទិត្យ
Liverpool ត្រូវ​ប៉ះ Burnley នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ប៉ះ Crystal Palace នៅ​ថ្ងៃ​អាទិត្យ

លទ្ធផល​នៅ Premier League ចុង​ក្រោយ​នេះ យើង​សុំ​ឲ្យ​អ្នក​គាំទ្រ CTS Sports ធ្វើ​ការ​ទស្សន៍ទាយ​ដោយ​ផ្ទាល់​តែ​ម្តង ថា​តើ​ក្រុម​ណា​មួយ​ដែល​នឹង​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ Europa League នា​រដូវ​កាល​ក្រោយ អាច​ជា Leicester City, Chelsea ឬ​ក៏ Liverpool?

ប្រភព៖ BRFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT