(វីដេអូ) សឹង​មិន​ចង់​ជឿ! Alisson ឡើង​មក​តែត​បាល់​ចុង​ម៉ោង ជួយ​ហង្ស​យក ៣ ពិន្ទុ​ស្រែក​ផ្អើល​កីឡដ្ឋាន

នៅ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន The Hawthorns របស់​ West Brom កាល​ពី​យប់​មិញ ក្រុម​ហង្ស​ក្រហម Liverpool បាន​បង្កើត​អភិនិហា​មិន​គួរ​ឲ្យ​ជឿ តាម​រយៈ​គ្រាប់​បាល់​ជ័យជម្នះ​ចុង​ម៉ោង ធ្វើ​បាន​ដោយ​អ្នកចាំទី Alisson Becker។

ហង្ស​ព្យាយាម​ស៊ុត​ច្រើន​ជើង​ដែរ ដោយ​ស៊ុត​សរុប ២៦ លើក ចំ​គោលដៅ ៦ លើក ធ្វើ​បាន​តែ ១ គ្រាប់​គត់ មុន​ពេល Alisson តែត​បាល់​ចុង​ម៉ោង​នោះ។ ដំបូង​នៅ​នាទី​ទី ១៥ ខាង​ម្ចាស់ផ្ទះ​បើក​ការ​នាំ​មុខ​មុន ដោយ​កីឡាករ Hal Robson-Kanu លុះ​ដល់​នាទី ៣៣ Mohamed Salah រក​បាន​មួយ​គ្រាប់​តាម​ស្មើ។

លទ្ធផល​ដែល​ត្រៀម​ចែក​គ្នា​ម្នាក់ ១ ពិន្ទុ ត្រូវ​បាន​ផ្លាស់ប្តូរ​នៅ​ចុង​តង់​នាទី ៩០+៥ ដោយ Alisson បាន​រត់​ឡើង​មក​ចាំ​តែត​បាល់​ជ្រុង​ដែល​លើក​ដោយ​មិត្ត​រួម​ក្រុម ហើយ​គេ​ក៏​បាន​ហក់​តែត​បាល់​បញ្ចប់​ទី​យ៉ាង​ស្អាត ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្រែក​សាទរ​ពេញ​កីឡដ្ឋាន​មិន​ថា​តែ​កីឡាករ​និង​សំណាក់​គ្រូ​បង្វឹក។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា ៣ ពិន្ទុ​ដែល​ទទួល​បាន ដ្បិត​មិន​ទាន់​អាច​ជួយ​ហង្ស​ឲ្យ​ឈាន​ទៅ​ចំណាត់ថ្នាក់ Top 4 តែ​ពួក​គេ​ពេល​នេះ​ចាញ់​ពិន្ទុ​ក្រុម​លេខ ៤ Chelsea តែ ១ ពិន្ទុ​គត់ ខណៈ​ធៀប Leicester គឺ​ចាញ់ ៣ ពិន្ទុ។ ការ​ប្រកួត​សល់ ២ ជុំ​ បែប​នេះ​បើ​ក្រុម​ទាំង​ពីរ​ខាង​លើ​ភ្លាត់​ស្មើ​ឬ​ចាញ់ នោះ​ហង្ស​ក៏​អាច​ធានា​បាន​នឹង​មាន​កៅអី​លេង UCL រដូវ​កាល​ក្រោយ ប្រសិន​ពួក​គេ​អាច​ឈ្នះ​ទាំង ២ ជុំ​ដែល​នៅ​សល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT