Thibaut Courtois បាននិយាយថាកម្រិតលេងនៅក្លឹប Real Madrid ពិតជាខ្ពស់ជាងនៅក្លឹប Chelsea ឆ្ងាយ ក្រោយពីខ្លួនបានចូលហ្វឹកហាត់និងលេងប៉ុន្មានសប្ដាហ៍មកនេះ។
Courtois បានចាកចេញពី Chelsea មករួមក្រុមជាមួយ Real Madrid ដើម្បីសម្រេចបំណងរបស់ខ្លួន បានលេងនៅអេស្ប៉ាញ និងរួមរស់ជាមួយគ្រួសារវិញ។
មកលេងនៅ Real នេះ អ្នកចាំទីខាងលើមិន ទាន់ធានាបានកៅអីជម្រើស១១នាក់ដំបូងរហូតនោះទេ ត្បិតអីរូបគេត្រូវប្រជែងជាមួយ Keylor Navas សិន។
បើតាមប៉ុន្មានប្រកួតបើករដូវកាលនេះ គ្រូបង្វឹក Real Madrid បានដាក់កីឡាករទាំងពីរនាក់ផ្លាស់គ្នាលេង មិនទាន់អាចធានាថានរណាជាដៃទី១ឡើយ។
ត្បិតមិនបានជាប់១១នាក់ដំបូងរហូតមែន Courtois ក៏បាននិយាយដែរថា៖ “នៅក្នុងការហ្វឹកហាត់ អ្នកនឹងបានឃើញថា Real Madrid មានកម្រិតខ្ពស់ជាង Chelsea ។
ខ្ញុំបានហ្វឹកហាត់ជាមួយកីឡាករល្អៗជាច្រើនដូចជា Ramos ជាខ្សែការពារល្អបំផុតជាដើម។ នេះជាបទពិសោធមួយដែលអ្នកគ្រប់គ្នាត្រូវតែឆ្លងកាត់ដើម្បីទទួលយកភាពជោគជ័យ”៕ប្រភព៖ DailyMail