បើនិយាយពីក្របខ័ណ្ឌកំពូលទាំង ៥ ប្រចាំតំបន់អឺរ៉ុប មាន Premier League, La Liga, Bundesliga, Ligue 1 និង Serie A គឺក្នុងឆ្នាំនីមួយៗក្រុមដែលឈ្នះជើងឯករមែងតែជាក្រុមដដែលៗ ហើយច្បាស់បំផុតនោះគឺនៅលីគបារាំង និងអ៊ីតាលី ដែលតែងតែធ្លាក់ទៅលើ PSG និង Juventus។
យ៉ាងណានៅរដូវកាល ២០២០/២១ គ្រប់យ៉ាងហាក់ត្រូវបានផ្លាស់ប្តូរ ហើយជោគជ័យនៃការខិតខំរបស់ក្រុមគូប្រជែងទាំងអស់ បានធ្វើឲ្យអ្នកគាំទ្រសាទរ និងមានការភ្ញាក់ផ្អើលជាខ្លាំង។
ជាក់ស្តែងមានលីគ ៣ ដែលអាចនឹងមានឈ្មោះក្រុមប្លែកពីឆ្នាំទៅឡើងមកលើកពាន ដោយក្រៅពី Serie A ដែលធានាថាជាក្រុម Inter Milan ហើយនោះ ២ លីគផ្សេងទៀតមាន La Liga និង Ligue 1។
La Liga បច្ចុប្បន្ន Atletico Madrid កំពុងក្តោបក្តាប់ឱកាស ហើយប្រសិនណា ២ ប្រកួតចុងក្រោយពួកគេបន្តឈ្នះទៀតនោះ ក្រុមដឹកនាំដោយលោក Diego Simeone មួយនេះ នឹងក្លាយជាក្រុមឈ្នះពានរង្វាន់ហើយ។ លើកចុងក្រោយដែល At លើកពានអេស្ប៉ាញ គឺនៅឆ្នាំ ២០១៤។
ខណៈដែល Ligue 1 ឯណោះវិញ គឺ Lille កំពុងក្តោបក្តាប់ឱកាសឈ្នះពានលីគកំពូលបារាំងជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយ ដោយរាប់ចាប់ពីឆ្នាំ ២០១១ រៀងមក ពានមួយនេះរមែងធ្លាក់ទៅក្រុម Monaco និង PSG ជាបន្តបន្ទាប់៕