ម្ចាស់មេដាយ ក្នុងការប្រកួតកីឡា Asian Games នឹងមកដល់កម្ពុជានាល្ងាចនេះ ដោយមានក្បួនដង្ហែររថយន្ដ អមដោយម៉ូតូកិត្តិយស

ប្រតិភូ និងអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានចាកចេញពីទីក្រុងហ្សាកាតាហើយ នាព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ដោយគ្រោងនឹងមកដល់មាតុភូមិ នាវេលាម៉ោង ៥:៣៥នាទីល្ងាចនេះ ។

ជាមួយគ្នានោះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមទទួលស្វាគមន៍ និងជួបសំណេះសំណាលភ្លាមៗ នៅវិមានសន្ដិភាព ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានខិតខំដណ្ដើមជោគជ័យជាប្រវត្តិសាស្ដ្រជូនជាតិពីព្រឹត្តិការណ៍កីឡាដ៏ធំនេះ។

ដំណើរនិវត្តន៍អមដោយសមិទ្ធិផល បំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ ៦៤ឆ្នាំនេះ នឹងមានពិធីទទួលស្វាគមន៍យ៉ាងពិសេស តាមអនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ដោយមានក្បួនដង្ហែររថយន្ដ អមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព និងចូលជួបសម្ដែងការគួរសម្យជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី ។

គួររំលឹកថា​ អត្តពលិក ដែលដណ្តើមបានមេដាយជូនកម្ពុជា មានដូចជា កីឡាការនី ចាន់ ចេសា ឈ្នះមេដាយមាស លើវិញ្ញសារកីឡា ជីជីតស៊ូ រីឯកីឡាករ សាលី អ៊ូើត-ម៉ីន មូស្តាន ដែលដណ្តើមបានមេដាយមាស ១គ្រឿង លើវិញ្ញសារ Ski Modified និងសំរឹទ្ធ ១គ្រឿង លើវិញ្ញសារ Runabout 1100 Stock ។

ជាមួយនឹងការដង្ហែរម្ចាស់មេដាយខាងលើនេះ ថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ ក្រោយចុះពីលើយន្ដហោះផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT