ក្រោយពីរកឃើញក្រុមពីរ ឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ គឺ ក្រសួងការពារជាតិ នឹងត្រូវជួប អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុអ្វីក្រសួងការពារជាតិមកដល់វគ្គចុងក្រោយ ?
ទ័ព បានបំបាក់អាស៊ីអឺរ៉ុប ២ជើងក្នុងវគ្គ ១៦ក្រុមចុងក្រោយ ( ១០ ទល់នឹង ២ ) និងឡើងមកទម្លាក់ព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ( ៥-៤ ) បន្ទាប់ពីស្មើគ្នាទាំងពីរជើង ៣-៣ ។
ស្ថិតក្រោមការដឹកនាំឆ្នាំដំបូងរបស់ លោក ភា សុភ័ត្រ្តា ជាគ្រូបង្វឹក ក្រសួងការពារជាតិ បានប្រកួតឈ្នះណាហ្គាវើល ៣-១ នៅវគ្គថែមម៉ោង ដែលរកគ្រាប់បាល់ដោយកីឡាករ សុខ ហៀង សរ ពិសិដ្ឋ និង ឈិន ឈឿន ។
ហេតុអ្វី អគ្គស្នងការដ្ឋាននគរបាលជាតិ មកដល់វគ្គចុងក្រោយ ?
ពួកគេ បានទម្លាក់គិរីវង់សុខសែនជ័យ ៣-២ នៅវគ្គ ១៦ក្រុម និងឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី U-18 ដោយលទ្ធផល ៩-១ ។
ពួកគេជួបសុទ្ធគូប្រកួតល្មមៗ ដែលអាចនាំឱ្យពួកគេមកដល់វគ្គផ្តាច់ព្រ័ត្រនេះបាន ។
ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលយកឈ្នះអង្គរថាយហ្គឺរ ២-០ នេះ ខ្សែប្រយុទ្ធ នួន បុរី និង លន់ ចំរើន ជាអ្នករកគ្រាប់បាល់ឱ្យប៉ូលីស ។
ដូចនេះ វគ្គផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៨ នៅពហុកីឡដ្ឋានជាតិ ៕