ខ្សែការពាររបស់ក្លិបណាហ្គាវើលដ៏ ឃឹម បូរី បានបង្ហាញនូវបំណងប្រាថ្នារបស់ខ្លួន នាពេលថ្ងៃអនាគត គឺចង់ក្លាយជាគ្រូបង្វឹក ក្រោយពេលដែលខ្លួននឹងបញ្ចប់ជាអាជីពកីឡាករបាល់ទាត់ក្នុងពេលណាមួយនោះ ហើយក៏ចង់ប្រាថ្នាចង់ឃើញក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ ពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
អតីតកីឡាករជម្រើសជាតិកម្ពុជាប្រកបដោយទេពកោសល្យ និងសម្បូរដោយបទពិសោធន៍ដ៏ច្រើនរូបនេះក៏បានបង្ហាញនូវក្តីស្រម៉ៃរបស់ខ្លួនមួយទៀត គឺចង់ឃើញយុវជន និងកីឡាករកម្ពុជាមានឱកាសលេងនៅក្លឹបក្រៅស្រុកឲ្យជាច្រើននាក់ ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយអ្វីដែលដែលពិសេសនោះ គឺកីឡាករ ឃឹម បូរី ចង់ឃើញក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅពេលដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានេះតែម្តង។
ស្ថិតនៅក្នុងវ័យ ៣៥ឆ្នាំ កីឡាករ ឃឹមបូរី នៅតែបង្ហាញនូវភាពលេចធ្លោ ក្នុងតួនាទីជាខ្សែរការពាររបស់ក្លិបបាល់ទាត់ណាហ្គាវើលបានបង្ហាញនូវជីវប្រវត្តិសង្ខេបក្នុងអាជីពបាល់ទាត់នេះថា ខ្លួនបានចូលរួមប្រឡូកក្នុងអាជីពបាល់ទាត់នៃក្លិបក្រសួងការពារជាតិ ដែលជាសមាជិកក្របខ័ណ្ឌលីគកំពូលកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ២០១០, ឆ្នាំ២០១១ លេងនៅក្លឹបបាល់ទាត់ស៊ីសាកេត ប្រទេសថៃ (ក្នុងលក្ខខណ្ឌខ្ចីជើង), ឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ លេងនក្លិបភ្នំពេញក្រោន ពីឆ្នាំ២០១៥ដល់បច្ចុប្បន្ន លេងឲ្យណាហ្គាវើលដ៍។
ជាប់ជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ (រកបាន១១គ្រាប់)។ ពានផ្ទាល់ខ្លួន ស្បែកជើងមាសលីគរដូវកាល ២០០៨ (ចំនួន១៨គ្រាប់)។ ពានរង្វាន់ក្លឹបឈ្នះលីគ រដូវកាល២០១៤ ជាមួយភ្នំពេញក្រោន, រងជើងឯក ពានរង្វាន់ AFC president cup ២០១១ជាមួយភ្នំពេញក្រោន, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន២០១០ ជាមួយក្រសួងការពារជាតិ, ឈ្នះពានលីគ ឆ្នាំ២០១៨ ជាមួយ ណាហ្គាវើលដ៍។
ជាមួយនឹងបេះដូងផ្សាភ្ជាប់នៃក្រុមជម្រើសជាតិកម្ពុជាក្នុងរយៈពេល៨ឆ្នាំ ឃឹម បូរី នៅតែចង់រួមចំណែកជួយអភិវឌ្ឍវិស័យកីឡា តាមរយៈឆន្ទៈចង់ក្លាយជាគ្រូបង្វឹកនាថ្ងៃអនាគត ដើម្បីជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យកាន់តែរីកចម្រើន។ អ្វីដែលសំខាន់មួយទៀត គឺចង់មើលឃើញក្រុមបាល់ទាត់កម្ពុជាអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ស៊ីហ្គេម ឆ្នាំ២០២៣ តែម្តង ដើម្បីមោទនភាពជាតិទាំងមូល បន្ទាប់ពីវិស័យកីឡាបាល់ទាត់កម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មី ឆ្លងផុតវគ្គចែកពូល ហើយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង នៅក្នុងការប្រកួត ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ កន្លងទៅ នៅប្រទេសហ្វីលីពីន។
គេនៅចាំបានថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំធ្លាប់បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងជាប្រវត្តិសាស្រ្ត កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ដោយដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ៤។
ក្រោយពីបានយកឈ្នះក្រុមម៉ាឡេស៊ី ៣-១ នៃវគ្គសន្សំពិន្ទុក្នុងពូលA ដែលក្រុមកម្ពុជា ក្នុងឋាន:ជាក្រុមលេខ២មាន៧ពិន្ទុ និងមីយ៉ាន់ម៉ា លេខ១ មាន១០ពិន្ទុ បានដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ០ទល់៤ ហើយធ្លាក់ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយក្រុមមីយ៉ាន់ម៉ា ដែលឡើងមកពីពូលAជាមួយគ្នា។ ក្រុមកម្ពុជាបានប្រកួតចាញ់ដោយលទ្ធផលទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្នុងលទ្ធផល ៤ទល់៥ ក្រោយរក្សាលទ្ធផលពេញម៉ោង៩០នាទីស្មើគ្នា ២ទល់២៕
ប្រភព៖ AKP