មនុស្សម្នាក់ៗមានចំណូលចិត្តខុសគ្នា ដោយខ្លះដាក់ចិត្តស្រលាញ់គាំទ្រកីឡាករបាល់ទាត់ម្នាក់ ដោយមើលទៅលើគុណភាព មើលទៅលើរូបសម្រស់ ឬខ្លះមើលទៅលើការឡើងកូដត្រឹមរយៈពេលខ្លីរបស់ពួកគេ។
ខុសពីអ្នកគាំទ្រកាន់ឆ្នាំ ឬអ្នកគាំទ្រច្បាស់លាស់ម្នាក់ ការដែលជ្រើសរើសកីឡាកររូបណាមួយជានិមិត្តរូប គឺពួកគេសម្លឹងមើលកត្តាជាច្រើន ហើយលើសពីគុណភាពនៃការលេងលើទីលាន គឺអ្នកគាំទ្រច្រើនមើលលើចំណុចក្រៅទីលានមួយចំនួនរបស់កីឡាករ។
ក្នុងអត្ថបទនេះ CTS Sports លើកមកបង្ហាញនូវចំណុចគួរឲ្យគោរពទាំង ៨ របស់ Cristiano Ronaldo ដែលមនុស្សជាច្រើនស្រលាញ់គាំទ្រ ហើយមិនសុទ្ធតែកីឡាករកំពូលទាំងអស់មានដូចលោកនោះឡើយ៖ (បញ្ជាក់៖ នេះមិនមែនជាការប្រៀបធៀបជាមួយនឹងកីឡាករណាម្នាក់ទេ)
៨) គ្មានស្នាមសាក់ជាប់សាច់
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ពុំមានស្នាមសាក់នៅជាប់លើដងខ្លួនរបស់លោកនោះឡើយ ហើយហេតុផលនៅពីក្រោយនេះ ក៏ដោយសារលោករមែងទៅបរិច្ចាគឈាមជាប្រចាំ។ ជាទូទៅសម្រាប់បុគ្គលទាំងឡាយដែលចង់បរិច្ចាគឈាម អាចធ្វើទៅបានលុះត្រាតែក្រោយការចាក់សាក់រយៈពេល ៦ ទៅ ១២ ខែ។
៧) ចូលរួមការងារសប្បុរសធម៌រាប់ភ្លេច
ដោយយល់ច្បាស់ពីទុក្ខលំបាករបស់អ្នកក្រ Cristiano Ronaldo បានចូលរួមយ៉ាងសកម្មលើការងារសប្បុរសធម៌ តាមរយៈការបរិច្ចាគប្រាក់ដើម្បីផ្គត់ផ្គង់មន្ទីរពេទ្យដែលខ្វះខាត ជួយចេញថ្លៃឲ្យក្មេងៗដែលគ្មានថវិកាព្យាបាលជំងឺ និងពេលខ្លះមានទាំងដាក់លក់ពានរង្វាន់ដែលខ្លួនទទួលបាន ដើម្បីប្តូរយកលុយទៅជួយអ្នកក្រខ្សត់ទៀតផង។
៦) មិនដែលភ្លេចមិត្តចាស់
ទោះខ្លួនឡើងកូដជាតារាល្បី ជាកីឡាករដែលមានទ្រព្យវាល់លាន ក៏ Ronaldo មិនដែលភ្លេចគ្រាដែលនៅកម្សត់កម្រជាមួយមិត្តភ័ក្ដិកាលពីមុនរបស់ខ្លួននោះដែរ។ មិនថាតែមិត្តលើទីលាន និងមិត្តក្រៅទីលាន ជានិច្ចកាល CR7 តែងតែផ្តល់នូវអំណោយដល់ពួកគេ ជាក់ស្ដែងដូចជាអតីតមិត្តរួមក្រុមកាលនៅឈុតយុវជនក្នុងប្រទេសព័រទុយហ្គាល់មានឈ្មោះ Albert Fantrau លេចលឺថា Ronaldo មានទាំងទិញភូមិគ្រឹះមួយកន្លែងឲ្យគេជាកាដូទៀតផង។
៥) ទាញគ្រួសារសាច់ញាតិទាំងមូលឲ្យមានបានដូចខ្លួនដែរ
បុរសម្នាក់នេះពេលបានឡើងខ្ពស់ គឺមិនភ្លេចទីទាបដែលខ្លួនធ្លាប់ឆ្លងកាត់នោះទេ។ រាល់សាច់ញាតិក្រុមគ្រួសារទាំងអស់របស់គេ សុទ្ធតែត្រូវបាន Ronaldo គោរពឲ្យតម្លៃដូចមុន ហើយសាច់ញាតិមួយចំនួនថែមទាំងទទួលបានការចែកនូវអាជីវកម្មពី Ronaldo ឲ្យទៅគ្រប់គ្រង ដើម្បីបង្កើតចំណូលចិញ្ចឹមជីវិតនៅឯប្រទេសព័រទុយហ្គាល់ទៀតផង។
៤) មិនរើសអើងអ្នកគាំទ្រ
ការដែលចង់ចូលក្បែរកីឡាករកំពូលមួយរូបមិនជារឿងងាយនោះទេ ខណៈពេលជួបកីឡាករខ្លះអ្នកក៏រមែងទទួលបានអារម្មណ៍បដិសេធជារឿយៗ។ តែជាមួយ Ronaldo វិញ គឺអ្នកមានអារម្មណ៍ថាកក់ក្តៅបំផុត ដោយ Ronaldo តែងតែផ្តល់ឱកាសសម្រាប់អ្នកគាំទ្ររបស់ខ្លួនទាំងចាស់ទាំងក្មេង ក្នុងការទទួលយកនូវហត្ថលេខា និងការថតរូបរាប់ភ្លេច។
៣) ចេះលេងសើច
នៅខាងក្រៅទីលាន Ronaldo មិនមែនជាមនុស្សស្ងៀមស្ងាត់នោះទេ ដោយលោកក៏ជាមនុស្សដែលចូលចិត្តលេងសើច និងរួសរាយមួយរូបដែរ។ ក្នុងវីដេអូពញាក់អារម្មណ៍អ្នកគាំទ្រក្នុងទីក្រុង Madrid កាលពីប៉ុន្មានឆ្នាំមុន ដែល Ronaldo តុបតែងខ្លួនជាមនុស្សចំណាស់ ហើយដើរកូរអ្នកគាំទ្រតាមដងផ្លូវ ធ្វើឲ្យគ្រប់គ្នាឃើញថា CR7 ក៏ជាមនុស្សដែលចេះលេងសើចម្នាក់ដែរ។
២) គាត់ស្រលាញ់បាល់ទាត់ពិត មិនមែនជាលុយ
ជីវិតរបស់ Ronaldo សឹងតែលះបង់ទាំងស្រុងទៅលើការលេងបាល់ទាត់ ដោយគាត់ស្រលាញ់ការលេងបាល់ទាត់ជាងអ្វីៗទាំងអស់។ រហូតដល់ពេលមួយនោះ ក្រោយឈ្នះពានរង្វាន់ Champions League ជាមួយក្លឹប Real Madrid ប្រាក់រង្វាន់សម្រាប់ខ្លួនឯងជាងកន្លះលានដុល្លារក៏លោកមិនយកដែរ ហើយផ្ទេរទៅក្នុងការងារសប្បុរសធម៌វិញ។
១) មិនខ្មាសអៀនក្នុងការបង្ហាញអារម្មណ៍
នៅពីក្រោយភាពរឹងមាំ ភាពជឿជាក់លើខ្លួនឯង Ronaldo ក៏ជាមនុស្សដែលមិនចេះលាក់អារម្មណ៍មួយរូបដែរលើទីលាន។ ដ្បិតស្ថិតក្នុងអារម្មណ៍វិជ្ជមាន ឬអវិជ្ជមាន បុរសវ័យ ៣៦ ឆ្នាំ តែងតែបង្ហាញចេញមកទាំងអស់នៅលើទីលាន ទាំងការសើច យំ សកម្មភាពអបអរសាទរ គឺគ្រប់យ៉ាងឈរលើឆន្ទៈតែមួយនោះគឺ ការស្រលាញ់បាល់ទាត់អស់ពីចិត្ត៕