គិតមកត្រឹមជុំទី ៣៦ សម្រាប់ក្រុមមួយចំនួននៅ Premier League និងជុំទី ៣៥ សម្រាប់ក្រុមកំពូលដូចជា Man City និង Man Utd យើងបានរកឃើញក្រុមឈ្នះជើងឯក Premier League ហើយ ដោយកើតឡើងបន្ទាប់ពីបិសាចក្រហមទទួលរងបរាជ័យកាលពីយប់មិញ។
គម្លាតពិន្ទុនៅពេលនេះ City មាន ៨០ ពិន្ទុ នាំមុខ United ដល់ទៅ ១០ ពិន្ទុ (ការប្រកួតសល់ ៣ ជុំ) ហើយធៀបនឹង Top 4 គឺ City វ៉ាដាច់ដល់ទៅ ១៦ ពិន្ទុឯណោះ។
ជាមួយលទ្ធផលនេះដែរ បើយើងក្រឡេកទៅមើលនៅកំឡុងចុងខែធ្នូ ឆ្នាំ ២០២០ ដែលចាប់ផ្តើមបាន ២៥ ភាគរយនៃរដូវកាល មកទល់ពេលនេះគឺមានការខុសគ្នាច្រើន ព្រោះពេលនោះ City ឈរក្រៅចំណាត់ថ្នាក់ Top 6 ទៅទៀត។
ការវាយបកដ៏អស្ចារ្យនេះ បានធ្វើឲ្យក្រុមមេឃខៀវក្លាយជាក្រុមដំបូងនៅ Premier League ដែលអាចលោតពីលេខ ៨ កំឡុងពេលថ្ងៃបុណ្យណូអែលឡើងមកឈរកំពូលតារាងនិងក្លាយជាក្រុមឈ្នះជើងឯកដោយជោគជ័យ។ រឿងនេះមិនធ្លាប់មានក្រុមណាធ្វើបានពីមុនមកឡើយ។
ប៉ុន្តែបើយើងរាប់ជារួមនៅលីគកំពូលអង់គ្លេស ទាំងមុនសម័យកាល Premier League លេចរូបរាងទៀតនោះ គឺធ្លាប់មានក្រុមមួយធ្វើបាន នោះគឺ Liverpool ដោយនៅរដូវកាល ១៩៨១-៨២ ពួកគេឈរលេខ ១២ នៅថ្ងៃបុណ្យណូអែលតែអាចឡើងមកឈ្នះជើងឯកវិញនៅកៀកបញ្ចប់រដូវកាល៕
ប្រភព៖ Opta