ការប្រកួតរវាង Leicester City និង Man Utd បានបញ្ចប់ទៅក្រោមលទ្ធផល ២-១ នៅឯកីឡដ្ឋាន Old Trafford ដែលបរាជ័យរបស់បិសាចក្រហម អាចអនុញ្ញាតឲ្យ Man City ក្លាយជាក្រុមឈ្នះជើងឯកបានសម្រេចត្រឹមជុំទី ៣៦។
យើងទៅមើលទិដ្ឋភាពប្រកួតគឺក្រុមរបស់លោក Ole Gunnar Solskjaer បានប្រើប្រាស់កីឡាករដែលសូវមានឈ្មោះលេងពីមុនៗជាច្រើននៅប្រកួតយប់មិញ នោះក៏ដោយសារកីឡាករសំខាន់ៗត្រូវទុកជើងប្រកួតបន្តបន្ទាប់ ជាពិសេសគឺត្រៀមសម្រាប់ប្រកួតនៅ Europa League វគ្គផ្តាច់ព្រ័ត្រ។
យ៉ាងណាបើយើងមើលទៅខ្សែការពារ Axel Tuanzebe ដែលចាប់ដៃគូជាមួយ Eric Bailly យើងឃើញថាបុរសវ័យ ២៣ ឆ្នាំ បានបង្កើតនូវរូបភាពចម្លែកមួយ ដោយគេមានពាក់នូវនាឡិកាជាប់នឹងដៃកំឡុងការប្រកួត ហើយគេជឿថាដោយសារ Tuanzebe ចង់តាមដានចំនួនជំហានរបស់ខ្លួនក្នុងមួយថ្ងៃៗ។
មានការលើកឡើងផ្សេងៗជាច្រើនទៀតពីអ្នកគាំទ្រ ខ្លះទៅថាដោយសារ Tuanzebe ចង់ដឹងលទ្ធផលភ្លាមៗនៅពេល App របស់ Premier League លោតមកបង្ហាញថា Man City ក្លាយជាក្រុមឈ្នះពានហើយ ឬផ្សេងទៀតថាដោយសារចង់តាមដានសុខភាពរបស់គេផ្ទាល់៕
ប្រភព៖ SportBible