រឿងភាគ “ដំណើរជីវិតប្រុសសង្ហារ Neymar” ដែលតាមលងអារម្មណ៍អ្នកគាំទ្រអស់រយៈពេលជាង ១ ឆ្នាំមកនេះ ទីបំផុតបានឈានមកដល់ភាគបញ្ចប់ហើយ ដោយចុងក្រោយគឺតួឯក Neymar សម្រេចចុះហត្ថលេខាបន្តកុងត្រាថ្មីនៅក្លឹបបារាំង Paris Saint-Germain ហើយធ្វើឲ្យក្លឹបចាស់ Barcelona ខូចអារម្មណ៍ ជាមួយការផ្ដល់ក្តីសង្ឃឹមដែលគ្មានន័យ។
ជាការពិតខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល ធ្លាប់បាននិយាយពាក់ព័ន្ធនឹងភាគរយដែលអាចវិលត្រលប់ទៅចូលរួមនៅ Barcelona ជាពិសេសគឺការរួបរួមសារជាថ្មីជាមួយមិត្តចាស់ Lionel Messi នៅឯទឹកដី Camp Nou។ បើតាមការចុះផ្សាយពីសារព័ត៌មាន RAC1
បានឲ្យដឹងថា Neymar គេកំពុងធ្វើឲ្យក្លឹប Barcelona មានការខូចចិត្តជាខ្លាំង ដោយតាំងពីជំនាន់ក្រុមប្រឹក្សាភិបាលរបស់លោក Bartomeu និងចូលមកដល់ប្រធានថ្មីលោក Laporta ពោលគឺក្លឹបមានអារម្មណ៍ថាដូចត្រូវបាន Neymar ចូលមកបោកប្រាស់អារម្មណ៍។
នោះក៏ដោយសារ Neymar ធ្លាប់បង្ហាញពីគោលដៅចង់វិលត្រលប់មក Barcelona ក្រោយយល់ឃើញថា ផែនការណ៍របស់ PSGS មិនអាចអូសទាញចិត្តគេឲ្យបន្តនៅបាន។ ក្រោយឃើញតម្រុយវិជ្ជមាននេះ Barcelona ក៏បញ្ជូនអ្នកតំណាងក្លឹប ឲ្យហោះទៅទីក្រុងប៉ារីស ធ្វើការចរចាជាមួយតារាឆ្នើម PSG ម្តងហើយម្តងទៀត តែចុងក្រោយគេបែរជាប្រគល់បេះដូងឲ្យក្លឹបបារាំងដដែលទៅវិញ។
ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំ បានចុះហត្ថលេខាលើកុងត្រាថ្មីកាលពីថ្ងៃទី ៨ ឧសភា ដែលបន្ថែមសុពលភាពលើកុងត្រាចាស់មកដល់ឆ្នាំ ២០២៥ និងលក្ខខណ្ឌបន្តថ្មីរយៈពេល ១ ឆ្នាំ ពោលគឺអាចឲ្យគេឈរជើងនៅទឹកដី Parc des Princes ដល់អាយុ ៣៣ ឆ្នាំឯណោះ។
ក្នុងកិច្ចព្រមព្រៀងនោះដែរ Neymar អាចទទួលបានថ្លៃពលកម្មពីក្លឹប PSG ប្រមាណ ៣០ លានអឺរ៉ូ/ឆ្នាំ ហើយបើយើងលម្អិតជាចំណែករយៈពេលខ្លីគឺមានដូចខាងក្រោម៖
៦២ អឺរ៉ូ/នាទី
៣ ៧០០ អឺរ៉ូ/ម៉ោង
៨៩ ២០០ អឺរ៉ូ/ថ្ងៃ
៦២៥ ០០០០ អឺរ៉ូ/សប្តាហ៍
២ ៥០០ ០០០ អឺរ៉ូ/ខែ (បញ្ជាក់៖ ១ អឺរ៉ូ = ១,២ ដុល្លារ)
ជាមួយទំហំប្រាក់ពលកម្មនេះដែរ បើយើងធ្វើការប្រៀបធៀបទៅនឹងការចំណាយលើសម្ភារៈទំនើបមួយចំនួន គឺ Neymar អាចទិញបាននូវ៖
ទូរសព្ទ iPhone 12 Pro Max ដែលមានតម្លៃ ១ ០៩៩ ដុល្លារ ដោយដកដង្ហើមចោលត្រឹម ១៥ នាទី
រថយន្ត Tesla Model X ដែលមានតម្លៃ ៧៩ ៩៩០ ដុល្លារ ដោយចំណាយពេលតែជាង ១៧ ម៉ោង
ខូនដូទំនើបមួយកន្លែងនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ៥៥ មុឺនដុល្លារ ដោយចំណាយពេលតែជាង ៥ ថ្ងៃ។
បញ្ជាក់ដែរថា Neymar បានផ្ទេរមកចូលរួមនៅក្លឹប PSG រយៈពេលជិត ៤ ឆ្នាំ ដោយសរុបការបង្ហាញខ្លួន ១១៣ លើក គេរកបាន ៨៦ គ្រាប់និង Assist ៥១ លើក ហើយបើនិយាយពីជោគជ័យនូវពានរង្វាន់មានចំនួន ១០ ពាន ដោយបូកបញ្ចូលទាំងពាន Ligue 1 ៣ លើក ខណៈនៅ UCL ឡើងខ្ពស់បំផុតត្រឹមវគ្គផ្ដាច់ព្រ័ត្រកាលពីរដូវកាលមុន។
ផ្សារភ្ជាប់ជាមួយរឿងនេះដែរ ក៏ជឿថាអ្នកគាំទ្រក៏កាន់តែចង់ដឹង បន្ទាប់ពី Neymar តកុងត្រាថ្មីហើយ តើតារាឆ្នើម Kylian Mbappe គេនឹងព្រមបន្តកុងត្រាថ្មីដែរ ឬជ្រើសយកផ្លូវចាកចេញ?
បើតាមការព្យាករណ៍ពីអ្នកជំនាញលើទីផ្សារដោះដូរកីឡាករបានឲ្យដឹងថា ភាគរយច្រើន Mbappe ប្រហែលជាអាចចាកចេញ ប្រសិនណាគេនៅមានគំនិតយល់ឃើញថាខ្លួនឯងត្រឹមជាស្រមោលរបស់ Neymar ដូចមុនទៀត។ ចំពោះការចាកចេញ
កីឡាករបារាំងប្រហែលជាអាចផ្ទេរទៅក្លឹប Real Madrid នៅរដូវក្តៅខាងមុខ ពោលនឹងមិនអាចកើតឡើងនៅរដូវកាលក្រោយឡើយ ព្រោះបើ PSG ទុកដល់ឆ្នាំ ២០២២ តម្លៃខ្លួនរបស់គេនឹងធ្លាក់ចុះខ្លាំង ឬអាចប្រឈមនឹងមិនទទួលបានតម្លៃខ្លួនសូម្បីតែមួយសេន្ត។
សម្រាប់ Mbappe ឯណេះវិញ គេបានផ្ទេរមកក្លឹប PSG នៅរដូវក្តៅឆ្នាំ ២០១៧ ហើយនៅការបង្ហាញខ្លួន ១៦៧ ប្រកួត រកបាន ១២៧ គ្រាប់និង Assist ៦០ លើក៕