លោក Zidane អ្នកចាត់ការក្រុម Real Madrid មិនសប្បាយចិត្តចំពោះការសម្រេចរបស់អាជ្ញាកណ្ដាលនោះទេ ចំពោះការផ្ដល់បាល់ប៉េណាល់ទីទៅឱ្យ Sevilla ។
ក្រុម Real Madrid បានត្រឹមស្មើជាមួយក្រុម Sevilla ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ La Liga សប្ដាហ៍ទី៣៥នៅយប់មិញនេះ។ ដោយក្នុងការប្រកួតនេះដែរ ក្រុមអធិរាជស ហាក់មិនសប្បាយចិត្តនោះទេ ក៏ដោយសារតែអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទីឱ្យទៅ Sevilla ស្របពេលក្រុម Real Madrid បែរជាមិនឱ្យ។
លោក Zidane បាននិយាយថា៖ “ខ្ញុំពិតជាខឹងខ្លាំងណាស់ អាជ្ញាកណ្ដាលត្រូវតែពន្យល់ខ្ញុំពីបាល់ប៉េណាល់ទីប៉ះដៃនេះ។ ពួកគេមិនបាននិយាយក្បោះក្បាយទេ។ យើងសមតែទទួលបានច្រើនជាងនេះក្នុងការប្រកួត យើងគួរតែទទួលបានជ័យជម្នះ ប៉ុន្តែនិយាយវាពេលនេះ ក៏មិនអាចកែប្រែលទ្ធផលបានដែរ ខ្ញុំគ្រាន់តែចង់ឱ្យអាជ្ញាកណ្ដាលពន្យល់ឱ្យច្បាស់ប៉ុណ្ណោះ ក្នុងការប្រកួតនេះមានបាល់ប៉ះដៃ២ដង”៕
ប្រភព៖ DailyMail