ទីផ្សារដោះដូររដូវក្តៅនឹងត្រូវបើកទ្វារនៅខែកក្កដា ឆ្នាំ ២០២១ ខាងមុខ ហើយបណ្តាក្លឹបជាច្រើននឹងចាប់ផ្តើមដំណើរការការលក់ចេញ ទិញចូលកីឡាករដែលជាគោលដៅខ្លួនបានកំណត់ សម្រាប់ត្រៀមបើករដូវកាលថ្មី ២០២១/២២។
យ៉ាងណាយើងងាកមកមើលក្លឹប Arsenal ឯណេះវិញ នៅរដូវកាលនេះពួកគេធ្វើមិនសូវបានល្អនោះឡើយ ដោយកន្លងមកបានធ្លាក់ត្រឹមវគ្គ ៤ ក្រុមនៅ UEL ក្រោមថ្វីជើងរបស់ Villarreal។ ហេតុនេះហើយក្លឹបចង់ធ្វើការពង្រឹងជាថ្មី តាមរយៈការនាំយកកីឡាករមួយចំនួនចូលក្រុម តែដំបូងក៏ត្រូវលក់ចេញកីឡាករខ្លះសិនដែរ។
បើតាមរបាយការណ៍ពី The Telegraph បានចុះផ្សាយ ក្លឹប Arsenal ដែលដឹកនាំដោយលោក Mikel Arteta បានរៀបផែនការណ៍រួចជាស្រេចហើយ ដោយលោកចង់លក់ Calum Chambers, Hector Bellerin, Alexandre Lacazette, David Luiz និង Eddie Nketiah ដែលពួកគេសុទ្ធជាកីឡាករមិនសូវសំខាន់ ហើយខ្លះមានអាយុរាងជ្រេ និងត្រៀមផុតកុងត្រា។
សម្រាប់អ្នកថ្មីដែលក្លឹបចង់នាំយកមកវិញនោះ ជាក់ស្តែងដូចជាតំណែងការពារស្លាបស្តាំ គឺ Arteta សម្លឹងឃើញ Achraf Hakimi ឬ Tariq Lamptey ដែលពួកគេអាចមានតម្លៃរាងក្រាស់គួរសមនៅលើទីផ្សារដោះដូរ៕
ប្រភព៖ Sportsmole