កីឡាករប្រដាល់ថៃល្បីឈ្មោះ និង រូបសង្ហា Tawanchai PK.Saenchai Muaythaigym នឹងប្រកួតលើកដំបូងនៅស្ថាប័នអន្តរជាតិ ONE នៅពេលជួបខ្លាចាស់ Sean “Clubber” Clancy នៅព្រឹត្តិការណ៍ ONE: DANGAL ថ្ងៃសៅរ៍ ទី១៥ ខែឧសភានេះ។ មុនពេលរូបគេបង្ហាញជំនាញដ៏ទាក់ទាះ យើងមកស្វែងយល់ពីរឿងពិត៥យ៉ាងពីរូបគេ។
ទី១៖ ឈ្នះពានកីឡាករប្រដាល់ឆ្នើម៣ផ្សេងគ្នាប្រចាំឆ្នាំ២០១៨
Tawanchai ប្រហែលជាថ្មីសម្រាប់ការប្រកួត ONE Super Series ប៉ុន្តែបើនិយាយពីបទពិសោធនៅថៃវិញជោកជាំណាស់។ កីឡាករដើមកំណើតផាតាយ៉ាធ្លាប់បានប្រកួតជាមួយ Kulabdam ៣ដងត្រឹមរយៈពេលតែ៣ខែចុងក្រោយ។ នៅឆ្នាំ២០១៨ ជាពេលដែលកីឡាករទាំងពីររូបនេះបានជួបគ្នាពីរដងនៅសង្វៀនល្បីឈ្មោះ Lumpinee និងជួបគ្នាម្តងទៀតនៅព្រឹត្តិការណ៍ពិព័រណ៍ថៃ។ ការប្រកួតទាំង៣លើកនោះ គឺ Tawanchai ឈ្នះទាំងអស់។
តាមរយៈជ័យជម្នះជាបន្តបន្ទាប់នោះហើយដែលផ្តល់ឲ្យរូបគេឈ្នះកីឡាករប្រដាល់ឆ្នើមប្រចាំឆ្នាំ២០១៨ប្រចាំសង្វៀន Lumpinee , ឈ្នះពានរង្វាន់កីឡាករប្រដាល់ឆ្នើមពីអាជ្ញាធរប្រដាល់មួយថៃប្រចាំឆ្នាំ២០១៨ និងឈ្នះពានរង្វាន់កីឡាករប្រដាល់ឆ្ន្នើមប្រចាំឆ្នាំនៅ Siam Kela ឆ្នាំជាមួយគ្នានេះ។
ទី២៖ ជាកីឡាករទី១ផ្តួល Sangmanee ឲ្យសន្លប់
ក្នុងខែមីនា ឆ្នាំ២០១៩ Tawanchai បានប្រើជំនាញដ៏អស្ចារ្យដើម្បីផ្តួលតារាប្រដាល់ឆ្នើម Sangmanee បន្ទាប់ពីអ្នកទាំងពីរជួបគ្នាលើកទី៣រួចហើយ។ សម្រាប់ការជួបគ្នាលើកទី៤ គឺជាលើកទី១ដែល Tawanchai បានប្រើរន្ទះជើងឆ្វេងលើក្បាលរបស់ Sangmanee ឲ្យដួល និងអាជ្ញាកណ្តាលរាប់៨។
Sangmanee បានងើបឡើងតស៊ូ ប៉ុន្តែ Tawanchai មិនបណ្តោយឱកាសឲ្យកន្លងហួសទៅទេគឺបានវ៉ៃសន្ធាប់ឲ្យ Sangmanee បាត់បង់ម្ចាស់ការ និងតដៃលែងរួច ហើយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តងដែលនេះជាការចាញ់សន្លប់លើកដំបូងក្នងអាជីពរបស់ Sangmanee ។ យ៉ាងណា ៣ខែក្រោយមក Sangmanee បានឡើងសងសឹក និងឈ្នះដោយពិន្ទុនៅខែកញ្ញា ឆ្នាំ២០២០។
ទី៣៖ ជាមិត្តរួមក្លឹបតារាល្បីនៅសង្វៀន ONE ៣នាក់
Tawanchai ត្រូវប្រកួតលើកដំបូងនៅ ONE Super Series ដែលហាក់ដូចថ្មី ប៉ុន្តែរូបគេបានកំពុងហ្វឹកហាត់ជាមួយតារាប្រដាល់ ONE ៣នាក់ ដូច្នេះអាចនិយាយបានថា មិនថ្មីសុទ្ធនោះទេ។ កីឡាករទាង៣នាក់ដែលរូបគេហាត់ជាមួយគឺ ជើងខ្លាំងចំណាត់ថ្នាក់លេខ២ Rodlek, ជើង ខ្លាំង Pongsiri និង កីឡាករ Muangthai PK.Saenchai Muaythaigym។ និយាយមែនទែនទៅ មិត្តរួមក្លឹប Pongsiri ធ្លាប់បានប្រកួតឈ្នះ Clancy កាលពីខែកញ្ញា ឆ្នាំ២០២០។
ទី៤៖ ចូលចិត្តសត្វសុនខ
ថ្វីបើជាកីឡាករប្រដាល់ដែលប្រើដៃជើង ប៉ុន្តែ Tawanchai ជាអ្នកចូលចិត្តសត្វចិញ្ចឹមពោលគឺសត្វសនខ។ សិស្សក្លឹប PK.Saenchai Muaythaigym មានសត្វសនខគួរឲ្យស្រឡាញ់ឈ្មោះ Gucci ដែលរូបគេចូលចិត្តយ៉ាងខ្លាំង។ ការស្រឡាញ់ចូលចិត្តសត្វចិញ្ចឹមនេះគឹដូចទៅនឹងកីឡាការិនីជើងឯកពិភពលោក “Unstoppable” Angela Lee និងអតីតជើងឯកពិភពលោក Agilan “Alligator” Thani ដែរ។
ទី៥៖ អភិវឌ្ឍជំនាញជាមួយជើងខ្លាំង Petchtanong
ក្រៅពីហ្វឹកហាត់ជាមួយកីឡាករប្រដាល់ល្បីឈ្មោះនៅ ONE ៣នាក់ រូបគេមានអ្នកល្បីល្បាញម្នាក់ដែលតែងតែជួយបង្កើន និងពង្រឹងជំនាញមួយថៃរបស់ខ្លួនរាល់ពេលឡើងសង្វៀនគឺជើងខ្លាំង Petchtanong Petchfurgus។ Tawanchai បានហ្វឹកហាត់ជាមួយបុរសម្នាក់នេះជាយូរមកហើយរហូតបានក្លាយជាតារាប្រដាល់ល្បីឈ្មោះនៅប្រទេសថៃ។
ឥឡូវនេះ Tawanchai កំពុងសម្លឹបស្វែងរកជ័យជម្នះលើកីឡាករអៀរឡង់ Clancy ថ្ងៃទី១៥ ខែឧសភានេះមុនពេលបោះជំហានទៅរកឱកាសកាន់តែធំ៕