ស្ថានភាពរបស់ក្លឹប Real Madrid ទោះខ្វះខាតលុយ ក៏ត្រូវតែបង្ខំនាំយកកីឡាករថ្មីចូលក្រុមនាពេលខាងមុខដែរ នោះគឺប្រសិនណា Sergio Ramos មិនព្រមបន្តកុងត្រាថ្មីហើយជ្រើសរើសផ្លូវចាកចេញនៅចុងខែមិថុនាខាងមុខ។
អ្នកដែលអាចជំនួស Ramos បាន ខាងក្លឹប Real ក៏ចុចគោលដៅរួចហើយដែរ នោះគឺ David Alaba ដែលជាកីឡាករត្រូវផុតកុងត្រាជាមួយ Bayern Munich នៅចុងរដូវកាល។
តាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ប្រសិនកីឡាករអូទ្រីសសម្រេចការផ្ទេរមកក្លឹបមានមូលដ្ឋានក្នុងទីក្រុង Madrid មែននោះ គេនឹងទទួលបានថ្លៃពលកម្មកប់ពពក ដល់ទៅ ១២ លានអឺរ៉ូ/រដូវកាល ស្មើនឹង Sergio Ramos ហើយមានតែ Gareth Bale និង Eden Hazard ប៉ុណ្ណោះអាចទទួលបានប្រាក់ឈ្នួលច្រើនជាងចំណូលថ្មីម្នាក់នេះ ដែលពួកគេរកបាន ១៥ លានអឺរ៉ូ។
បញ្ជាក់ថា Alaba រាប់បានជាខ្សែការពារកំពូលមួយ ដែលអាចលេងបានទាំងនៅតំបន់ការពារស្លាប និងការពារកណ្តាល បែបនេះគេអាចមកចូលរួមជំនួស Ramos ក៏បាន ឬបម្រុងផ្លាស់ប្តូរ Role ជាមួយ Marcelo ឬ Ferland Mendy៕
ប្រភព៖ SoccerLaduma