ឈុត U-15 និង​ U18 នៅសាលាបាល់ទាត់ជាតិបាទីបន្តហ្វឹកហាត់ជាប្រចាំ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញពីសកម្មភាពហ្វឹកហាត់ក្រុមយុវជន២ឈុត គឺឈុតយុវជន អាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំ ដែលនៅតែបន្តការហ្វឹកហាត់បង្កើន​គុណ​ភាពបច្ចេកទេស នៅសាលាកីឡាបាល់ទាត់ជាតិបាទី ជារៀងរាល់ថ្ងៃ តាមកាលវិភាគហ្វឹក​ហាត់​ជាធម្មតាជាមួយការប្រុងប្រយ័ត្នខ្ពស់ក្នុងអឡុងពេលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍​ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា ការហ្វឹក​ហាត់នៅតែបន្តធ្វើជាប់ជាប្រចាំដោយមិនបានផ្អាកនោះទេ ដោយសារនៅសាលាកីឡាបាល់​ទាត់ជាតិបាទីមានសុវត្ថិភាព និងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ សម្រាប់ការរស់នៅ និង​ហ្វឹក​ហាត់។ លោកបានបញ្ជាក់ថា នេះជាកម្មវិធីហ្វឹកហាត់យូរអង្វែងចាប់ពី១៣-១៤ឆ្នាំឡើង​ទៅ ហើយអ្វីដែលសំខាន់គឺការចូលរួមប្រកួតថ្នាក់ជាតិ ដោយសាលាបានរៀបចំក្រុមU15 មួយ​ក្រុម ដែលជ្រើសរើសពិសេសចេញពីក្នុងចំណោមយុវជនU15 មានយុវជនល្អៗ និងមាន​ទម្រង់​លេងល្អជាងគេ។ លោកបានបន្ដថា ក្រុមជម្រើសឈុតU15នេះ​នឹងជំរុញឱ្យចូលរួម​ប្រកួត​នៅ​ក្នុងការប្រកួតU18 តែម្តង រីឯក្រុមឈុត U18 នឹងត្រូវឱ្យចូលរួមលេងនៅក្នុង​កម្រិត​លំដាប់ទី២ផងដែរ។

ជារៀងរាល់ឆ្នាំ សហព័ន្ធបាល់ទាត់កម្ពុជាតែងតែរៀបចំ​ព្រឹត្តិការណ៍ប្រកួតទាំងពីរកម្រិត គឺជម្រើសជើងជើងឯកយុវជនU15 និងU18​ នេះ ដែល​តាម​ធម្មតាការហ្វឹកហាត់ត្រូវតែមានការប្រកួត ដើម្បីបានវាស់ស្ទង់ពីគុណភាពបច្ចេកទេសក្នុង​គោលដៅឱ្យដំណើរការអភិវឌ្ឍបច្ចេកទេសកាន់តែល្អប្រសើរ។ លោកបានបន្ដទៀតថា សម្រាប់​គោលដៅចូល​រួម​ប្រកួតអន្តរជាតិ ក្នុងឆ្នាំ២០២១នេះ មិនសង្ឃឹម​ថាបានទៅលេង​នោះ​ទេ ដោយសារវិបត្តិជំងឺកូវីដ-១៩នៅតែបន្តយាយីយ៉ាងខ្លំាងក្លា ដូច្នេះហើយកន្លងម​កកម្មវិធី​ប្រកួតយុវជនអាស៊ានត្រូវបានលុបចោលជាបន្តបន្ទាប់ ហើយរយៈពេលទៅមុខទៀត ជា​ពិសេសគឺចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២១មិនមានគម្រោងការប្រកួតអ្វីនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT