មិត្ត​ចាស់ Suarez ប្រាប់​ពី​ក្លឹប​ដែល Messi គួរ​តែ​ចូលរួម​ជាមួយ​នៅ​រដូវ​កាល​ក្រោយ

Luis Suarez កាល​ពី​អតីត​កាល​ធ្លាប់​ជា​ដៃ​គូ​បញ្ចប់​ទី​រួម​គ្នា​នៅ​ក្លឹប Barcelona ជាមួយ​នឹង Lionel Messi តែ​នៅ​ឆ្នាំ ២០២០ គេ​បាន​ផ្ទេរ​ចេញ និង​មក​ចូលរួម​ជាមួយ​ក្លឹប Atletico Madrid វិញ។

យ៉ាង​ណា​ទំនាក់ទំនង​រវាង​កីឡាករ​អាហ្សង់ទីន-អ៊ុយរុយហ្គាយ​នៅ​តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ថា​បន្ត​មាន​ភាព​ល្អ​ជាមួយ​គ្នា​ដដែល ហើយ​លេចលឺ​ថា​ពេលវេលា​ចុង​ក្រោយ​មុន​បញ្ចប់​អាជីព​ជា​កីឡាករ ពួក​គេ​ចង់​រួម​ក្លឹប​ជាមួយ​គ្នា​នៅ​ទឹកដី​សហរដ្ឋ​អាមេរិក​ទៀត​ផង។

ថ្មីៗ​នេះ​ Suarez បាន​ប្រាប់ Daily Mirror អំពី​ឈ្មោះ​ក្លឹប​ដែល​ Messi គួរ​តែ​ឈរ​ជើង​នៅ​រដូវ​កាល​ក្រោយ ហើយ​គេ​ជឿ​ថា Barcelona នៅ​តែ​សក្តិសម​បំផុត​សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ។

Suarez និយាយ៖ “កន្លែង​ដែល​គាត់​អាច​បញ្ចប់​អាជីព គឺ​ជា​កន្លែង​ដែល​គាត់​អាច​រីករាយ​បំផុត ហើយ​បើ​សួរ​ខ្ញុំ​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​ម្នាក់ ខ្ញុំ​នៅ​តែ​ឆ្លើយ​ថា​គ្មាន​ទី​ណា​ល្អ​ជាង Barcelona នោះ​ទេ​សម្រាប់​គាត់ តែ​វា​ក៏​ស៊ីសង​លើ​គាត់​ផ្ទាល់​ជា​អ្នក​សម្រេច​ចិត្ត​ដែរ ដោយ Barcelona ជា​ក្រុម​ដែល​អាច​ផ្តល់​គ្រប់​យ៉ាង​ឲ្យ​គាត់ ហើយ​គាត់​ក៏​បាន​ផ្តល់​នូវ​រឿង​ជា​ច្រើន​ទៅ​កាន់​ក្លឹប​ដូច​គ្នា”៕

ប្រភព៖ Caughtoffside

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT