ទិន្នន័យមួយចំនួនអំពីការប្រកួតរវាង ណាហ្គាវើល និង ក្រសួងការពារជាតិ នៅ Hun Sen Cup

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រចាំឆ្នាំ ២០១៨ នឹងចូលមកដល់ក្នុងថ្ងៃស្អែកនេះហើយ ប្រកួតដំបូងគេគឺ ណាហ្គាវើល ទល់នឹង ក្រសួងការពារជាតិ។

ពួកគេនឹងតទល់គ្នាលើទីលានពហុកីឡដ្ឋានជាតិ ម៉ោង ៦:៣០នាទីល្ងាច ។

ក្រុមទាំងពីរទើបតែបានជួបគ្នាក្នុងលីគកំពូលកម្ពុជា ជើងទីមួយនោះទេ កាលពីសប្តាហ៍ទី ៧ ដោយកាលនោះ ណាហ្គាវើល បានយកឈ្នះក្រសួងការពារជាតិ ២-០ ប៉ុន្តែគ្រានោះគឺស៊ុតចូលទីដោយកីឡាករបរទេស Bisan Geroge ទាំងពីរគ្រាប់។ ផ្ទុយទៅវិញក្នុង Hun Sen Cup ពុំមានសិទ្ធិដាក់កីឡាករបរទេសចូលលេងឡើយ ។
ណាហ្គាវើល នឹងប្រកួតក្នុងនាមជាក្រុមរងជើងឯករដូវកាល ២០១៧ រីចំណែកឯក្រសួងការពារជាតិ ជាក្រុមជើងឯកកាលពីឆ្នាំ ២០១៦ ។ បើនិយាយអំពីពានរង្វាន់មួយនេះវិញ ណាហ្គាវើល មានបទពិសោធន៍ច្រើនបង្អស់ ដែលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ក្នុងនោះពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៦ដង ប៉ុន្តែឈ្នះជើងឯកបានម្តងគត់ កាលពីឆ្នាំ ២០១៣ ។ ស្របពេលដែលក្រសួងការពារជាតិ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ៣ដង ឈ្នះជើងឯក ២ដង ។

ក្រុមទាំងពីរ ធ្លាប់ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០១៣ តែកាលនោះ ណាហ្គាវើល ( ណាហ្គាខប ) បានយកឈ្នះ ក្រសួងការពារជាតិ ដោយបាល់កាត់សេចក្តី ក្រោយបញ្ចប់លទ្ធផលថែមម៉ោង ស្មើគ្នា ។

បច្ចុប្បន្ននៅក្នុងលីគកំពូលកម្ពុជា ណាហ្គាវើល កំពុងស្ថិតនៅកំពូលតារាង មាន ៤៧ ពិន្ទុ រីឯ ក្រសួងការពារជាតិ ស្ថិតនៅលេខ ៤ មាន ៣៩ ពិន្ទុប៉ុណ្ណោះ ។ ក្រុមទាំងពីរ នឹងប៉ះគ្នានៅសប្តាហ៍ទី ២០ ក្រោយលីគកំពូលកម្ពុជា ត្រឡប់មកវិញ នៅពាក់កណ្តាលខែកញ្ញាខាងមុខ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT