ក្រុម AC Milan បានបន្ដកុងត្រា១ឆ្នាំទៀតឱ្យទៅខ្សែប្រយុទ្ធ Zlatan Ibrahimovic ដើម្បីជួយក្រុមនារដូវកាលក្រោយ បន្ទាប់ពីធ្វើបានល្អរដូវកាលនេះ។
កីឡាករស៊ុយអែតខាងលើនឹងឈានចូលវ័យ៤០ឆ្នាំនៅខែតុលាខាងមុខនេះហើយ ដូច្នេះមានន័យថារូបគេនឹងអាចបន្ដលេងបានទៀតនៅឆ្នាំក្រោយ ទាំងដែលខ្លួនវ័យកាន់តែជ្រេ ហើយលេងនៅតំបន់ប្រយុទ្ធថែមទៀត។ ក្រុម AC Milan បានបញ្ជាក់ថាការបន្ដកុងត្រា១ឆ្នាំទៀតនេះ ក៏ដោយសារតែ Zlatan ធ្វើបានល្អខ្លាំងណាស់ក្នុងការជួយក្រុមនាពេលកន្លងមកនេះ។
កីឡាករពោរពេញដោយបទពិសោធខាងលើបាននិយាយក្រោយតកុងត្រាថ្មីថា៖ “ខ្ញុំមានអារម្មណ៍សប្បាយចិត្ត។ ខ្ញុំរង់ចាំថ្ងៃនេះ ហើយពេលនេះខ្ញុំនៅមានពេល១ឆ្នាំទៀតជាមួយក្រុម ដែលនេះជាអ្វីសំខាន់បំផុត។ ខ្ញុំតែងតែនិយាយថាលេងឱ្យ Milan ដូចនៅក្នុងផ្ទះខ្លួនឯងដូច្នេះដែរ។ ខ្ញុំស្រលាញ់ក្លឹបនេះ ហើយពួកគេតែងតែធ្វើឱ្យខ្ញុំមានអារម្មណ៍រីករាយ”៕
ប្រភព៖ Marca