ម្ចាស់មេដាយប្រាក់កីឡាប៉េតង់ សុខ ចាន់មានសង្ឃឹមរក្សាសមត្ថភាពប្រជែងមេដាយមាសក្នុង SEA Games នៅ​វៀតណាម

ម្ចាស់មេដាយប្រាក់កីឡាប៉េតង់ ស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន លើវិញ្ញាសា២នាក់ ទល់២នាក់ កីឡាករ សុខ ចាន់មាន បានប្តេជ្ញាចិត្តថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព នៅក្នុង​ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងធ្វើឡើង​នាថ្ងៃ​ទី​២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

សម្រាប់ស៊ីហ្គេម ឆ្នាំ២០២១នេះ ចាន់មាន ត្រូវប្រកួតលើវិញ្ញាសាវាយ​យកពិន្ទុ (Stooting) ដែលជាវិញ្ញាសាលំបាកជាងគេ ដោយសាវិញ្ញាសាផ្សេងៗចាញ់១ប្រកួត នៅមានឱកាសប្រកួតបន្តទៀត ប៉ុន្តែវិញ្ញាសាវាយយកពិន្ទុនេះបើប្រកួតជម្រុះដំបូងបើធ្លាក់ គឺ​ធ្លាក់ចេញពីការប្រកួតតែម្តង។ សុខ ចាន់មាន បានបញ្ជាក់ថា “សម្រាប់ខ្ញុំពេលនេះ មិនទាន់​ច្បាស់​ទេថាតើអាចលេងបានតែ១វិញ្ញាសានេះ ឬក៏អាចបាន២វិញ្ញារួមជាមួយមិត្តរួមក្រុ​មដូចជា​វិញ្ញាសា ២ទល់២ ឬ៣ទល់៣ជាដើម ឬយ៉ាងណា ដោយសារយើងមិនទាន់ទទួល​បានព័ត៌​មាននេះ”។

ម្ចាស់មេដាយ សុខ ចាន់មាន ក៏បានបង្ហាញកង្វល់ធំមួយទៀតដែរ គឺការហ្វឹក​ហាត់មានរយៈពេលខ្លី និងមិនបានដិតដល់ ដោយសារការសម្រាកច្រើន ការហ្វឹកហាត់​នៅ​តាមផ្ទះ មិនមានលក្ខណៈប្រមូលផ្តុំ គ្មានទីធ្លាហ្វឹកហាត់វាយប៊ូល នៅផ្ទះ ដោយសារវិបត្តិជំងឺ​កូវីដ-១៩នៅតែរីករាលដាលខ្លាំង។ បច្ចុប្បន្ន ក្រុមជម្រើសជាតិហ្វឹកហាត់នៅតាមផ្ទះ ដោយ​ពិនិត្យមើលតាមប្រព័ន្ធអនឡាញ ដោយបានចាប់ផ្តើមថ្ងៃដំបូងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

កីឡាករ សុខ ចាន់មាន បានបង្ហាញនូវឆន្ទៈដ៏មុះមុតយ៉ាងដូច្នេះថា «បើទោះជាវា​ប្រឈម​នឹងការលំបាកច្រើន ប៉ុន្តែខ្ញុំប្តេជ្ញាចិត្តថានឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងបច្ចេក​ទេស​ដែលមាន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ការ​ប្រកួតមានចាញ់មានឈ្នះ ហើយក៏មិនអាចដឹងមុនដែរ ប៉ុន្តែអ្វីដែលច្បាស់ក្នុងចិត្ត គឺការប្តេជ្ញា​ចិត្តហ្វឹកហាត់ឱ្យបានខ្លាំងក្លា និងប្រឹងប្រែងក្នុងពេលប្រកួត»។

ចាប់តាំងពីការចូលរួមប្រកួតប្រជែងមេដាយលើឆាកអន្តរជាតិ ឆ្នាំ២០០១ មក កីឡាករ សុខ ចាន់មាន បានយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិ​ជាច្រើនគ្រឿង​ជាបន្តបន្ទាប់ ពីព្រឹត្តិការណ៍ជើងឯកពិភពលោក ជើងឯកអាស៊ី ស៊ីហ្គេម និងការប្រកួតអន្តរ​ជាតិ​ជាច្រើនទៀតសរុបចំនួន២៩ព្រឹត្តិការណ៍ ដោយដណ្តើមបានមេដាយសរុបចំនួន៣៩​គ្រឿង ក្នុងនោះមេដាយមាស១២គ្រឿង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT