សហព័ន្ធកីឡាចំបាប់កម្ពុជាត្រៀម១០វិញ្ញាសា សម្រាប់ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម

លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់ថា សហព័ន្ធកីឡាចំបាប់កម្ពុជា​បានត្រៀមបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅ​ប្រទេសវៀតណាម ក្នុងចន្លោះពី៨ទៅ១០វិញ្ញាសា នៃវិញ្ញាសាសរុបចំនួន១៨ លើប្រភេទកីឡា​ចំបាប់ ដែលម្ចាស់ផ្ទះវៀតណាមកំណត់បង្ហាញកន្លងទៅថ្មីៗនេះ។

អគ្គលេខាធិការរូបនេះបន្ថែមថា បច្ចុប្បន្នយើងបានត្រៀមខ្លួនរួចហើយ ប៉ុន្តែមិនមាន​សង្ឃឹមខ្ពស់ពេកទេ នៅក្នុងស្ថាភាពវិបត្តិជំងឺកូវីដ-១៩នៅតែបន្តវាយលុកជាបន្តបន្ទាប់ ដែលជា​ផលបង្កអាក្រក់ដល់ការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ។ លោកបាន​បន្ដ​ថា អ្វីដែលសង្ឃឹម គឺលុះត្រាតែស្ថានភា​ពជំងឺ​កូវីដ​-១៩​បានធូរស្រាល ហើយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បញ្ជូនក្រុមជម្រើសជាតិចេញទៅហ្វឹកហាត់នៅប្រទេសបន្ថែម ដូចជា​នៅប្រទេសចិនជាដើម ទើបយើងមានសង្ឃឹមខ្ពស់ ក្នុងការប្រកួតប្រជែងស្វែងរក​មេដាយ​បាន។

ជាមួយគ្នានេះ ប្រភេទកីឡាចំបាប់បានខកខានស៊ីហ្គេម ចំនួន២លើក គឺនៅប្រទេស​សិង្ហបុរី កាលពីឆ្នាំ២០១៥ និងស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ប៉ុន្តែចំបាប់ត្រូវបាន​រៀចំឲ្យមានឡើងវិញ នៅក្នុងស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន ដោយចំបាប់កម្ពុជា​ដណ្តើមមេដាយសំរឹទ្ធិ ចំនួន៥គ្រឿង។ លោក ធិន វិចិត្រ បានអះអាងយ៉ាងដូច្នេះថា «ក្នុងចំណោមវិញ្ញាសានេះ គឺសហព័ន្ធ​ចំបាប់​កម្ពុជាអាចរៀបចំយ៉ាងច្រើន១០ តាមស្ថានភាពជាក់ស្តែង ហើយយើងនឹងធ្វើតេស្ត​សមត្ថភាពកីឡាករ កីឡាការិនិជាមុនសិន ប្រសិនបើវិញ្ញាសាណាខ្លះ ដែលកម្រិតសមត្ថភាព​កីឡាករ កីឡាការិនីកម្ពុជាយើងនៅឆ្ងាយពីគេពេក គឺមិនបញ្ជូនទៅទេ។

ប៉ុន្តែប្រសិនបើមាន​ភាព​ប្រហាក់ប្រហែលគ្នាក្នុងតំបន់ គឺយើងនឹងបញ្ជូនទៅចូលរួមប្រកួត ដែលយ៉ាងហោច​ណាស់​ក៏ទទួលបានបទពិសោធន៍ក្នុងការត្រៀមខ្លួនឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ផងដែរ។ ចំពោះប្រភេទ Greco-Roman គឺយើង​មានការលំបាកបន្តិច ក្នុងការបញ្ជូនចូលរួមប្រកួត ប៉ុន្តែបើវិញ្ញាសាសេរី ប្រុស៦ និងនារី៦នេះ គឺជាជំនាញរបស់​ចំបាប់​កម្ពុជាយើង ហើយយើងងអាចបញ្ជូនកីឡាការិនីយ៉ាងច្រើនណាស់​បាន​៣ទៅ៤នាក់​ប៉ុណ្ណោះ មិនអាចបាន៦នាក់ទេ ខណៈវិញ្ញាសាទម្ងន់ធ្ងន់ ដូចជាទម្ងន់១២៥​គីឡូក្រាមជាដើម​នោះ គឺកំពុងជួបបញ្ហាប្រឈម ដូច្នេះហើយទើបខ្ញុំថាអាចដាក់បញ្ជូនវិញ្ញាសាពី៨ទៅ១០​វិញ្ញា​សា​ប៉ុណ្ណោះ»។

បើតាមការកំណត់បង្ហាញរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម គឺចំបាប់​ផ្នែក Greco-Roman មាន៦ប្រភេទទម្ងន់ ចាប់ពី៦០គីឡូក្រាម ដល់១៣០គីឡូក្រាម ខណៈ​ចំបាប់សេរី (Freestyle) ផ្នែកបុរស៦វិញ្ញាសា ពី៥៧គីឡូក្រាមដល់១២៥គីឡូមក្រាម រីឯផ្នែក​នារី​ ចាប់ពីទម្ងន់៥០គីឡូក្រាមដល់៧៦គីឡូក្រាម៕
អត្ថបទ៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT