ការ​សម្រេច​ចិត្ត ៤ លើក​ដែល​ប៉ាៗ Perez ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ទូទាំង​សកលលោក

មាន​រឿង​ជា​ច្រើន​ក្នុង​វិស័យ​បាល់ទាត់​យើង​នេះ បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ទាំង​ដែល​ខ្លះ​ក៏​វា​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន ហើយ​ខ្លះ​ទៀត​ក៏​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល ដែល​អ្នក​គាំទ្រ​សឹង​តែ​មិន​ចង់​ជឿ។

ក្នុង​នោះ​ក៏​មាន​ចំណែក​នូវ​ការ​សម្រេច​ចិត្ត​របស់​លោក Florentino Perez ជា​ច្រើន​លើក​ច្រើន​សារ នៅ​កំឡុង​ការ​ចាយ​ពេល​ជា​ប្រធាន​ក្លឹប​ Real Madrid រយៈ​ពេល​ ១៧ ឆ្នាំ។ ត​ទៅ​នេះ​ទំព័រ CTS Sports ធ្វើ​ការ​សង្ខេប​ ៤ លើក​ដែល​ប៉ាៗ​វ័យ ៧៤ ឆ្នាំ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដាក់ផ្ងារ ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​លោក៖

៤) ការ​ចុះ​ហត្ថលេខា​យក Luis Figo

ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ Barcelona និង Real Madrid គឺ​ជា​ក្លឹប​គូ​ប្រជែង​នឹង​គ្នា​តាំង​ពី​ដើម​រៀង​មក។ បែប​នេះ​ការ​ផ្ទេរ​ចេញ​ចូល​រវាង​កីឡាករ​ក្លឹប​ទាំង​ពីរ គឺ​ជា​រឿង​ដែល​មិន​ងាយ​នឹង​កើត​ឡើង ជា​ពិសេស​គឺ​ឈ្មោះ​កីឡាករ​កំពូលៗ​តែ​ម្តង។

យ៉ាង​ណា​នៅ​ឆ្នាំ ២០០០ ពិភព​បាល់ទាត់​នៅ​ប្រទេស​អេស្ប៉ាញ បាន​មាន​ការ​រង្គោះរង្គើ​កំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​ថ្មី​នៅ​ក្លឹប​ Real Madrid។ ពេល​នោះ​លោក Florentino Perez បាន​បង្ហើប​ពី​ផែនការណ៍​របស់​លោក ថា​ប្រសិន​ណា​លោក​ជាប់ឆ្នោត​នោះ​លោក​នឹង​ចុះ​ហត្ថលេខា​យក Figo ពី​ក្លឹប Barcelona ឲ្យ​បាន។

ដូច​ការ​គ្រោង​ទុក Perez ពិត​ជា​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន​ក្លឹប​មែន ​ហើយ​លោក​ក៏​ធ្វើ​តាម​សន្យា​ដោយ​ចំណាយ​ប្រាក់ ៦០ លាន​អឺរ៉ូ ទិញ​យក​កីឡាករ​ព័រទុយហ្គាល់​ចេញ​ពី​ក្លឹប​គូ​សត្រូវ។

៣) ការ​ចាកចេញ​របស់​អ្នកចាត់ការ​លោក Vicente del Bosque

កំឡុង​ការ​ដឹកនាំ​ចន្លោះ​ឆ្នាំ​ ១៩៩៩ ដល់ ២០០៣ លោក Del Bosque បាន​ជួយ​ឲ្យ Real Madrid ឈ្នហ​ពាន​រង្វាន់ Champions League ១ លើក និង La Liga ២ លើក។ ទន្ទឹម​នឹង​ជោគជ័យ​នេះ សាមី​ខ្លួន​ក៏​មាន​ចិត្ត​ចង់​បន្ត​កុងត្រា​ថ្មី​ដែរ តែ​មិន​ដឹង​មូលហេតុ​អ្វី​លោក Florentino Perez ​ដែល​ជា​ប្រធាន​ក្លឹប​បែរ​ជា​មិន​អនុញ្ញាត។

ផ្ទុយ​ទៅ​វិញ Perez បែរ​ជា​ផ្តល់​មុខ​តំណែង​ថ្មី ដោយ​ចង់​ឲ្យ Del Bsque មក​ធ្វើ​ជា​នាយក​បច្ចេកទេស​របស់​ក្លឹប ជំនួស​ពី​តំណែង​អ្នកចាត់ការ តែ​គ្រូ​អេស្ប៉ាញ​យល់​ឃើញ​ថា វា​ជា​ការ​ប្រមាថ ហើយ​ក៏​បដិសេធ​សំណើ​ភ្លាមៗ។

ជាមួយ​ការ​បើក​ផ្លូវ​ឲ្យ Del Bosque ចាកចេញ​ពី​ក្លឹប ​ក៏​នាំ​ឲ្យ​កើត​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​នឹង​កីឡាករ​មួយ​ចំនួន ហើយ​ពេល​នោះ​កីឡាករ ៣ រូប​រួម​មាន Fernando Hierro, Steve McManaman និង Fernando Morientesបាន​ប្រកាស​ដាច់អហង្ការ​ថា​ពួក​គេ​មិន​គាំទ្រ និង​បាន​សម្រេច​ចិត្ត​ចាកចេញ​ដោយ​មិន​ញញើត​ឡើយ។

២) ការ​លក់ Cristiano Ronaldo

Ronaldo បាន​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប Real Madrid កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០០៩ ហើយ​រយៈ​ពេល​ជាង ១០ ឆ្នាំ គេ​បាន​ជួយ​ក្លឹប​អេស្ប៉ាញ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន។ នៅ​ការ​បង្ហាញ​ខ្លួន ៤៣៨ ប្រកួត CR7 រក​បាន ៤៥០ គ្រាប់​និង Assist ១៣២ លើក។

ប៉ុន្តែ​មក​ទល់​ខែ​កក្កដា ឆ្នាំ ២០១៨ ក្រោយ​រយៈ​ពេល ៣ ខែ​នៃ​ការ​ឈ្នះ​ពាន Champions League ក្លឹប Real Madrid ដែល​ដឹកនាំ​ដោយ​លោក Perez បែរ​ជា​បង្កើត​រឿង​ភ្ញាក់ផ្អើល​មួយ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង នោះ​គឺ​ការ​លក់​ កីឡាករ​ព័រទុយហ្គាល់​ឲ្យ​ទៅ​ក្លឹប Juventus ​នៅ​តម្លៃ ១១៧ លាន​អឺរ៉ូ។

គេ​ជឿ​ថា ដោយសារ Perez មិន​អាច​បំពេញ​នូវ​តម្រូវការ​មួយ​ចំនួន​របស់ Ronaldo តែ​យ៉ាង​ណា​ក្លឹប​ក៏​មិន​គួរ​លក់ CR7 ចេញ​ដែរ ព្រោះ​គេ​រាប់​បាន​ជា​វីរបុរស​មួយ​រូប​ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លឹប​ទៅ​ហើយ។ ការ​បោះបង់​ខ្សែ​ប្រយុទ្ធ​កំពូល​រូប​នេះ​ឲ្យ​ទៅ​ក្លឹប​អ៊ីតាលី លោក Perez ហាក់​ធ្វើ​ឡើង ដោយ​គ្មាន​ការ​សោកស្ដាយ​អ្វី​ទាល់​តែ​សោះ។

១) ការ​បង្កើត​ពាន​ថ្មី ESL

វា​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​រយៈ​ពេល​ចុង​ក្រោយ ដែល​លោក Florentino Perez ​ដើរ​តួ​ជា​ប្រធាន​គ្រប់គ្រង​ពាន​រង្វាន់​ថ្មី European Super League ឬ​ហៅ​កាត់ ESL។

ដំបូង​ឡើយ​ Perez ប្រមូល​បាន​ក្លឹប​ចំនួន ១២ មក​ចូលរួម តែ​ក្រោយ​រយៈ​ពេល​ ២ ​ថ្ងៃ ក្លឹប​ចំនួន ៦ នៅ​អង់គ្លេស​ក៏​ប្រកាស​ដក​ខ្លួន​វិញ តែ​ Perez មិន​បោះបង់​នោះ​ទេ ដោយ​លោក​នៅ​បន្ត​ឈរ​លើ​គោលជំហរ​ចង់​បង្កើត​ពាន​ថ្មី​នេះ​ឲ្យ​លេច​ចេញ​ជា​រូបរាង​ដដែល។ វា​ប្រៀប​បាន​នឹង​សង្គ្រាម​មួយ​ក្នុង​ពិភព​បាល់ទាត់ ដែល​ជា​ការ​តតាំង​គ្នា​រវាង UEFA និង ESL។

ពាក្យ​សម្តី​មួយ​ឃ្លា​ដែល​ Perez តែងតែ​និយាយ៖ “មាន​តែ​ការ​បង្កើត​ពាន​ថ្មី Super League នេះ​ទេ ដែល​ជា​ដំណោះស្រាយ​ល្អ​បំផុត​ក្នុង​ការ​ជួយ​សង្គ្រោះ​វិស័យ​បាល់ទាត់​ឲ្យ​ត្រលប់​មក​វិញ មិន​ដូច្នោះ​ទេ​បាល់ទាត់​នឹង​ត្រូវ​បាត់បង់​នៅ​ឆ្នាំ ២០២៤”៕

  1. ហាមយកអត្ថបទរបស់ CTS Sports ទៅចុះផ្សាយបន្ត!

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT