ឃើញ​កីឡាករ​ល្បី ៥ រូប​ ប្រើ​លេខ​អាវ​ចម្លែក តាមពិតមានបង្កប់អត្ថន័យគួរឲ្យចាប់អារម្មណ៍

ការ​ជ្រើសរើស​លេខ​អាវ​សម្រាប់​កីឡាករ​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ដោយ​ជា​ទូទៅ​លេខ​ដែល​គេ​ឲ្យ​តម្លៃ​និង​ទទួល​ស្គាល់​ច្រើន​បំផុត មាន​ដូច​ជា​លេខ ១ ៧ ៩ ១០ ​និង​ ១១ ជា​ដើម។

យ៉ាង​ណា​មក​មើល​កីឡាករ​ល្បីល្បាញ ៥ រូប​នេះ​វិញ បែរ​ជា​ប្រើប្រាស់​លេខ​អាវ​ដ៏​ចម្លែក ហើយ​ខ្លះ​ហួស​ពី​ខ្ទង់ ២០ ទៅ​ទៀត។ ប៉ុន្តែ​បើ​ស៊ីជម្រៅ​ឲ្យ​ច្បាស់​ទៅ លេខ​អាវ​នីមួយៗ​របស់​ពួក​គេ​សុទ្ធ​តែ​មាន​អត្ថន័យ​នៅ​ពី​ក្រោយ​នោះ ហើយ​ជា​រឿង​ដែល​មនុស្ស​ជា​ច្រើន​ពុំ​ធ្លាប់​បាន​ដឹង៖

៥) Robinho ពាក់​អាវ​លេខ ៧០ នៅ​ក្លឹប AC Milan

នៅ​រដូវ​ក្តៅ ឆ្នាំ ២០១០ ក្លឹប Man City បាន​ប្រកាស​លក់​ចេញ​កីឡាករ Robinho ឲ្យ​ទៅ​ក្លឹប AC Milan នៅ​តម្លៃ ២១ លាន​អឺរ៉ូ។

ដើម​ឡើយ​កីឡាករ​ប្រេស៊ីល​ចង់​ប្រើប្រាស់​អាវ​លេខ ១០ ដែល​ជា​អត្ត​សញ្ញាណ​របស់​ខ្លួន​កាល​នៅ​ក្លឹប Real Madrid និង Man City តែ​លេខ​នោះ​ជាន់​ជាមួយ​វីរបុរស​លោក Clarence Seedorf ខណៈ​លេខ ៧ ដែល​ជា​អត្តសញ្ញាណ​របស់ Robinho កាល​នៅ Santos ​ក៏​ជាន់​ជាមួយ Alexander Pato ថែម​ទៀត។

បែប​នេះ​​ទើប Robinho សម្រេច​គុណ​លេខ​ទាំង​ពីរ​ចូល​គ្នា ហើយ​ជ្រើស​យក​អាវ​លេខ ៧០ ​មក​ប្រើប្រាស់​តែ​ម្តង។ ជាង​នេះ​សម្រាប់​លេខ ៧០ ក៏​ស្ថិត​នៅ​លើ​អាវ​ចុង​ក្រោយ​របស់ Robinho កាល​នៅ​ក្លឹប Istanbul មុន​ប្រកាស​ចូល​និវត្ត​ផង​ដែរ។

៤) Bixente Lizarazu ​ពាក់​អាវ​លេខ ៦៩ នៅ​ក្លឹប Bayern Munich

ខ្សែ​ការពារ​សញ្ជាតិ​បារាំង បាន​ផ្ទេរ​ចេញ​ពី​ក្លឹប Athletic មក​ចូលរួម​នៅ Bayern កាល​ពី​ឆ្នាំ ១៩៩៧ ហើយ​នៅ​រដូវ​កាល​ដំបូង​លោក​ប្រើប្រាស់​អាវ​លេខ ១១។ ប៉ុន្តែ​សម្រាប់​ការ​ផ្ទេរ​មក​ក្លឹប​អាល្លឺម៉ង់​លើក​ទី ២ នៅ​ឆ្នាំ ២០០៥ Lizarazu ស្រាប់​តែ​ប្តូរ​មក​ប្រើប្រាស់​អាវ​លេខ ៦៩។

មូលហេតុ​ដែល​ជ្រើសរើស​យក​អាវ​លេខ ៦៩ នោះ​ក៏​ដោយសារ​លេខ​ដែល​លោក​ចង់​បាន ជាន់​គ្នា​ជាមួយ​វីរបុរស​ប្រេស៊ីល Lucio ហើយ​សម្រាប់​លេខ ៦៩ ដើម្បី​ជា​លេខ​ជួន​គ្នា​នឹង​ឆ្នាំ​កំណើត ១៩៦៩ ​កម្ពស់ ១,៦៩ ម៉ែត្រ ហើយ​ទម្ងន់​ក៏ ៦៩ គីឡូក្រាម​នៅ​កាល​នោះ។

៣) Gianluigi Buffon ​ពាក់​អាវ​លេខ ៧៧ នៅ Juventus

អ្នកចាំទី Buffon បាន​មក​ចូលរួម​នៅ Juventus ក្នុង​ឆ្នាំ ២០០១ ជាមួយ​តម្លៃ​ផ្ទេរ​ដល់​ទៅ ៥២ លាន​អឺរ៉ូ។ កីឡាករ​អ៊ីតាលី​បាន​ផ្ទេរ​មក​ក្លឹប​សេះ​បង្កង់ ២ លើក ដោយ​លើក​ទី​ពីរ​នេះ​កាល​ពី​ឆ្នាំ ២០១៩ ហើយ​លោក​បាន​ប្រើប្រាស់​អាវ​លេខ ៧៧ ដោយ​ធ្លាប់​ប្រើ​កាល​នៅ​ក្លឹប​ Parma។

តាម​ពិត​ទៅ​បើ​មាន​ឱកាស​យក​អាវ​លេខ ១ ក៏ Buffon នឹង​ប្រើប្រាស់​ដែរ តែ​ដោយសារ​ជាន់​គ្នា​ជាមួយ​អ្នកចាំទី​ដៃ​ទី​មួយ​គឺ Wojciech Szczesny។ រី​ឯ​អត្ថន័យ​នៅ​ពី​ក្រោយ​លេខ ៧៧ នោះ​គឺ​ជា​ឆ្នាំ​កំណើត​របស់​លោក គឺ ១៩៧៧។

២) Ronaldinho ពាក់​អាវ​លេខ ៨០ នៅ​ក្លឹប AC Milan

Ronaldinho បាន​ជោគជ័យ​ខ្លាំង​កំឡុង​ការ​ចាយ​ពេល​នៅ​ក្លឹប Barcelona និង​ក្រោយ​ការ​ផ្ទេរ​មក​ក្លឹប​ AC Milan។ នៅ​រដូវ​កាល​ដំបូង​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី កីឡាករ​ប្រេស៊ីល​បាន​ប្រើប្រាស់​អាវ​លេខ ៨០ បន្ទាប់​ពី​អាវ​លេខ ១០ ដែល​ជា​អត្តសញ្ញាណ​របស់​ខ្លួន ជាប់​នៅ​នឹង​អាវ​របស់​វីរបុរស​លោក Clarence Seedorf ទៅ​ហើយ។

ចំពោះ​អត្ថន័យ​នៅ​ពី​ក្រោយ​លេខ ៨០ សម្រាប់ Ronaldinho ក៏​ដូច​ជា Buffon អ៊ីចឹង​ដែរ នោះ​គឺ​ផ្សារភ្ជាប់​ទៅ​នឹង​ឆ្នាំ​កំណើត គឺ ១៩៨០។

១) Trent Alexander-Arnold ពាក់​អាវ​លេខ ៦៦ ក្លឹប Liverpool

នៅ​ការ​បង្ហាញ​ខ្លួន ១៧៣ ប្រកួត Arnold បាន​ជួយ​ឲ្យ Liverpool ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ២ លើក ​ហើយ​ឈ្នះ​ជើង​ឯក ១ លើក រី​ឯ​នៅ Premier League ក៏​បាន​លើក​ពាន ១ លើក​ផង​ដែរ។

ជាមួយ​គុណភាព​ដ៏​ប៉ិនប្រសព្វ​របស់​កីឡាករ​អង់គ្លេស ​ក៏​នាំ​ឲ្យ​គេ​កាន់​តែ​ចាប់​អារម្មណ៍​ទៅ​លើ​អាវ​លេខ ៦៦ របស់ Arnold នាម​ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ​កំពូល​មួយ​រូប​ក្នុង​លោក។

នៅ​ពី​ក្រោយ​អត្ថន័យ​អាវ​លេខ ៦៦ របស់ Arnold ពុំ​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ តែ​គេ​ជឿ​ថា ដោយសារ​នៅ​ពេល​ដែល Arnold មក​ចូលរួម​នៅ​សាលា​ហ្វឹកហាត់​បាល់ទាត់ Melwood របស់ Liverpool គឺ​នៅ​ពេល​គេ​មាន​អាយុ ៦ ឆ្នាំ ហើយ​ពេល​មក​ចូលរួម​នៅ​ឈុត​ធំ​ពេល​គេ​មាន​អាយុ ១៦ ឆ្នាំ បែប​ហ្នឹង​ទើប​សម្រេច​យក​លេខ ៦ ពីរ​ដង​មក​ដាក់​លើ​អាវ៕

ហាមយកអត្ថបទរបស់ CTS Sports ទៅចុះផ្សាយបន្ត!

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT