Perez ថា​បើ​ក្លឹប​ធំៗ​មិន​ព្រម​រឿង​នេះ អ៊ីចឹង​ការ​ទិញ​យក Mbappe ឬ Haaland នឹង​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ

ប្រធាន​គ្រប់គ្រង​ពាន​រង្វាន់​ថ្មី European Super League ហៅ​កាត់ ESL គឺ​លោក Florentino Perez បាន​និយាយ​ថា បើ​មើល​តាម​ស្ថានការណ៍​បច្ចុប្បន្ន​បណ្តា​ក្លឹប​ទាំង​អស់​នឹង​គ្មាន​លទ្ធភាព​អាច​នាំ​យក Kylian Mbappe ឬ Erling Haaland ដែល​ជា​កីឡាករ​ស្ថិត​នៅ​តម្លៃ​ច្រើន​ជាង ១៥០ លាន​ផោន​បាន​ឡើយ។

ជា​ការ​ពិត​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ពេល​រាតត្បាត​ជំងឺ COVID-19 ធ្វើ​ឲ្យ​ក្លឹប​បាល់ទាត់​ទាំង​អស់ មាន​ការ​ចំណាយ​ច្រើន​ជាង​ទទួល​បាន​ចំណូល ហើយ​ក្លឹប​ខ្លះ​ក៏​ជាប់​បំណុល​ខ្ទង់​ពាន់​លាន​ដុល្លារ។

យ៉ាង​ណា​សម្រាប់​លោក Perez បាន​ជឿជាក់​ថា​ប្រសិន​ក្លឹប​ដែល​ទទួល​បាន​សំណើ ព្រម​ដើរ​តាម​ផែនការណ៍​របស់​លោក នោះ​បញ្ហា​ប្រាកដ​ជា​នឹង​ដោះស្រាយ​ចេញ ហើយ​ការ​នាំ​យក​កីឡាករ​កំពូល​ទាំង ២ លើ​ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ។

ប្រធាន​ក្លឹប Real Madrid និយាយ៖ “នៅ​ស្ថានភាព​សព្វថ្ងៃ​នេះ នឹង​គ្មាន​ការ​ផ្ទេរ​ធំ​នៅ​រដូវ​ក្តៅ​កើត​ឡើង​ឡើយ ដោយ​ពេល​ណា​លំហូរ​លុយ​ពី​ក្លឹប​អ្នក​មាន​មិន​ធ្លាប់​មក​ក្លឹប​តូច​ទេ​នោះ គ្រប់​គ្នា​ក៏​នឹង​ជួប​បញ្ហា ហើយ​វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក Mbappe និង Haaland ដោយ​មិនមែន​សម្រាប់​តែ​ Real Madrid ឡើយ និយាយ​ទៅ​លុះត្រា​តែ​យើង​មាន Super League”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT