John “Hands of Stone” Lineker កំពុងផ្ដោតក្នុងដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ ONE Bantamweight World Champion ពី Bibiano “The Flash” Fernandes ឲ្យលឿនតាមតែអាចធ្វើទៅបាន។
បុរសគូប្រជែងលំដាប់ទី១ទម្ងន់ bantamweight នឹងបង្ហាញអំពីឱកាសដែលសក្ដិសមនៅពេលប៉ះ Troy “Pretty Boy” Worthen ក្នុងការប្រកួតគុនចម្រុះនាព្រឹត្តិការណ៍ “ONE on TNT III” ដែលត្រូវផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២១ ខែ មេសា ខាងមុខនេះ (ម៉ោងនៅកម្ពុជា)។Lineker និង Worthen នឹងត្រូវផ្សាយតាមទូរទស្សន៍អាមេរិកក្នុងម៉ោងពិសេស។ តារាប្រេស៊ីលកំពុងស្វែងរកឱកាសមាសដើម្បីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់នាពេលខាងមុខ ។
Lineker ថ្លែងបែបនេះ ៖«ខ្ញុំពិតជារីករាយក្នុងនាមជាគូឯក។ នេះជាវេលាល្អមួយ។ ខ្ញុំត្រៀមរួចហើយ មិនត្រឹមតែការប្រកួតនេះទេ ប៉ុន្តែ ខ្ញុំចង់ក្លាយជាម្ចាស់ខ្សែក្រវាត់ ONE World Champion នាពេលសមស្រប។ ខ្ញុំទទួលបានការប្រកួត ២ លើកនៅ ONE គិតត្រឹមពេលនេះ។ ខ្ញុំត្រៀមរួចហើយដើម្បីវ៉ៃយកខ្សែក្រវាត់។ នេះជាគោលដៅបន្ទាប។ ហើយខ្ញុំជឿថា ខ្ញុំត្រៀមលើសពីត្រៀមទៅទៀតនាពេលនេះ»។
ក្នុងការបង្ហាញខ្លួនដំបូងនៅ ONE Championship ជើងខ្លាំង “Hands of Stone” ឆក់យកជ័យជម្នះ លើជើងខ្លាំង Muin “Tajik” Gafurov នៅសង្វៀន ONE: DAWN OF VALOR។
បន្ទាប់មកទៀតគេផ្ដួលអតីតម្ចាស់ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករ Kevin “The Silencer” Belingon នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX III កាលខែ វិច្ឆិកា កន្លងទៅ។ Belingon ឡើងប្រកួតក្នុងនាមជាគូប្រជែងលំដាប់ទី១ទម្ងន់ bantamweight ប៉ុន្តែ Lineker បែរជាអាច យកឈ្នះដោយសន្លប់ត្រឹមទឹកទី២ទៅវិញ។
បុរសមកពីក្លិប American Top Team បានគូសបញ្ជាក់ថា ៖«ការប្រកួតរបស់ខ្ញុំទល់នឹង Belingon ពិតជាលំបាកណាស់។ គេគ្រោះថ្នាក់ណាស់ជាពិសេសការទាត់ច្រើន។ ប៉ុន្តែ ខ្ញុំធ្វើឲ្យផែនការរបស់គេខកចិត្តតាមរយៈកណ្ដាប់ដៃ។ ខ្ញុំដឹងថា ខ្ញុំអាចវាយ Belingon ឲ្យសម្លប់បាន ពេលខ្ញុំចាប់ផ្ដើមវ៉ៃដងខ្លួនរបស់គេ។ គេចាប់ផ្ដើមរមួល [ដងខ្លួន] ក្រោយរងកណ្ដាប់ដៃ ដូច្នេះ អាចដឹងបានអំពីវិធីដែលអាចបញ្ចប់គេបាន»។
ជ័យជម្នះទាំងនេះនាំឲ្យ Lineker នៅលំដាប់លេខ១ និង បន្តកាន់ចំណាត់ថ្នាក់នេះនៅសង្វៀន “ONE on TNT III” ទោះមានការផ្លាស់ប្ដូរគូប្រកួតពី Stephen Loman របស់ក្លិប Team Lakay ទៅជួប Worthen កូនសិស្ស មកពីក្លិប Sanford MMA ក៏ដោយ។
បុរសប្រេស៊ីលពិពណ៌នាបែបនេះ ៖«កីឡាករម្នាក់ៗ គឺ គ្រោះថ្នាក់ណាស់ ប៉ុន្តែ ត្រៀមខ្លួនដើម្បីប្រកួតរួចហើយ។ ខ្ញុំមានជំនាញកណ្ដាប់ដៃ និងការប្រើចំបាប់។ ដូចការប្រកួតកន្លងមករបស់ខ្ញុំដែរ ផែនការរបស់ខ្ញុំ គឺ ផ្ដួលគូប្រកួតឲ្យសន្លប់។ ពេលនេះមិនខុសប្លែកគ្នាទេ ខ្ញុំមិនចង់ចាកចេញដោយការលើកដៃពីអាជ្ញាកណ្ដាលឡើយ»។
«ខ្ញុំចូលចិត្តការប្រកួតប្រជែងគ្រប់បែប។ ការប្រកួតវ៉ៃដៃគូលំបាកនាំឲ្យខ្ញុំកាន់តែខ្លាំង ដូច្នេះខ្ញុំទទួលយកការប្រកួតនេះ ហើយខ្ញុំត្រៀមធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត»។
Lineker មានគោលដៅមួយដើម្បីប្រជែងជើងឯក, ផ្ដួលម្ចាស់ខ្សែក្រវាត់, និង គ្រប់គ្រងខ្សែក្រវាត់ World Champion ឲ្យបានយូរនៅក្នុងប្រវត្តិសាស្ត្ររបស់ ONE ។
ខ្សែក្រវាត់ គឺជាគោលដៅចម្បង ហើយគ្មានគូប្រកួតណារារាំងបានទេ។ Lineker សង្កត់ធ្ងន់ ៖«Bibiano ត្រូវតែខ្លាចខ្ញុំ ព្រោះខ្ញុំផ្ដោតលើការឡើងទៅដណ្ដើមខ្សែក្រវាត់ ហើយខ្ញុំមិនឈប់ត្រឹមនេះទេរហូតដល់ ខ្ញុំអាចវ៉ៃជាមួយគេ»។
«ខ្ញុំជាកីឡាករដ៏គ្រោះថ្នាក់បំផុតក្នុងការដណ្ដើមខ្សែក្រវាត់ ONE bantamweight។ គ្មានអ្វីអាចបញ្ឈប់ខ្ញុំទេ។ ខ្ញុំតែងតែលើកទឹកចិត្តខ្លួននិងត្រៀមរួចរាល់។ ខ្ញុំផ្ដួលម្នាក់ៗឲ្យសន្លប់រហូតដល់ឈ្នះខ្សែក្រវាត់ពិភពលោក World Title»។