ក្នុងកម្មវិធីចាប់ឆ្នោត និងចែករង្វាន់របស់ UEFA យប់មិញនេះ គេសង្កេតឃើញថា Sergio Ramos បានទៅអង្គុយនៅកៅអីកៀកនឹង Mohamed Salah ថែមទៀតផង។
Ramos ចូលរួមក្នុងកម្មវិធីនេះ ក្នុងនាមជាអ្នកឈ្នះពានរង្វាន់ខ្សែការពារល្អជាងគេនៅអឺរ៉ុប។ ស្របពេលដែល Salah វិញ ចូលរួមក្នុងនាមជាបេក្ខភាព៣នាក់ចុងក្រោយកីឡាករល្អជាងគេនៅអឺរ៉ុប។ និយាយពី Ramos វិញ គឺជាអ្នកដែលធ្វើឱ្យ Salah រងរបួសនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយរបួសស្មានោះសឹងតែធ្វើឱ្យកីឡាករអេហ្ស៊ីបរូបនេះ លែងមានឱកាសទៅលេងពានរង្វាន់ World Cup ២០១៨ ថែមទៀតផង។
ការទៅអង្គុយជិតគ្នា ហើយថែមទាំងទះស្មាគ្នាទៀតនេះ បានធ្វើឱ្យអ្នកគាំទ្រពិតជាសរសើរចំពោះទឹកចិត្តជាកីឡាកររបស់ Ramos ខ្លាំងណាស់។ យ៉ាងណាមិញ បើមើលទៅទឹកមុខរបស់ Salah វិញ ហាក់ដូចជាមិនរីករាយប៉ុន្មាននោះទេ។ គេនៅចាំបានថា ខ្សែប្រយុទ្ធរបស់ក្រុម Liverpool រូបនេះ ធ្លាប់និយាយថាខ្លួននឹងមិនលើកទោសឱ្យ Ramos ឡើយ ចំពោះកំហុសរបស់គេធ្វើមកលើខ្លួន៕ប្រភព៖ dailymail