ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កំណត់បង្ហាញ៤០ប្រភេទកីឡា

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១បានកំណត់បង្ហាញជាផ្លូវការនូវប្រភេទកីឡាចំនួន៤០ និងមាន ៥២៦វិញ្ញាសា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានស្នើឲ្យសហព័ន្ធកីឡាជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិនីមួយៗ ដែលត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយនៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំនេះ សូមពិនិត្យប្រភេទកីឡារបស់ខ្លួន ដើម្បីត្រៀមការបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិត្រៀមឲ្យត្រូវតាមវិញ្ញាសា ដែលម្ចាស់ផ្ទះ វៀតណាម កំណត់បង្ហាញជាផ្លូវការនេះ។

អគ្គលេខាធិការរូបនេះបន្ថែមថា សូមសហព័ន្ធកីឡាជាតិខិតខំរៀបចំរៀបចំយុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការហាត់ហ្វឹកហ្វឺនឲ្យស្របទៅតាមប្រភេទកីឡា និងវិញ្ញាសានេះ ដើម្បីសម្រួចគោលដៅក្នុងការប្រកួតប្រជែងមេដាយជូនជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ចំពោះការចូលរួម​ប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២១នេះ គឺជាស៊ីហ្គេម យុទ្ធសាស្ត្រក្នុងការកំណត់បង្ហាញពីសមត្ថភាពពិតរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

សម្រាប់ការចូលរួមប្រកួតរបស់ក្រុមកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទសហ្វីលីពីន ឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានឈ្នះមេដាយសរុបចំនួន៤៦គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធចំនួន៣៦គ្រឿង ដោយឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេសនៃសមាជិកស៊ីហ្គេម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT