Emery និយាយ​បែប​ណា ក្រោយ​ត្រូវ​ប៉ះ​ក្រុម​ចាស់ Arsenal នៅ​វគ្គ​ក្តៅ​គគុក Europa League?

ក្រោយ​យក​ឈ្នះ​ទៅ​លើ Slavia Praha សម្រាប់​ក្រុម Arsenal គឺ​ត្រូវ​កំណត់​ឲ្យ​មក​ជួប​នឹង​ក្រុម Villarreal សម្រាប់​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ឬ ៤ ក្រុម​ចុង​ក្រោយ​នៅ UEFA Europa League។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា​នេះ ហើយ​លេង​ ២ ជើង មុន​សម្រេច​យក​ក្រុម​ឆ្ពោះ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ សម្រាប់​លោក Unai Emery អាច​ថា​ជា​បទពិសោធន៍​ជោកជាំ​នៅ UEL ហើយ​ជាមួយ Arsenal ក៏​លោក​ធ្លាប់​ជា​អតីត​គ្រូ​ម្នាក់​ដែរ។

ពាក់ព័ន្ធ​នឹង​ការ​ជួប​ក្រុម​ចាស់​របស់​ខ្លួន អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា៖ “ការ​ដែល​ឡើង​មក​ដល់​វគ្គ ៤ ក្រុម​គឺ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​ល្អ​មួយ ហើយ​អតីតកាល​របស់​ខ្ញុំ​ជាមួយ Arsenal បែប​ណា វា​លែង​សំខាន់​ដូច​មុន​ទៀត​ហើយ ព្រោះ​ពេល​ចុះ​ហត្ថលេខា​ឲ្យ Villarreal គឺ​ខ្ញុំ​ស្ថិត​នៅ​លើ​ដំណើរការ​មួយ​ផ្សេង​ទៀត”។

លោក​បន្ថែម​ថា៖ “យើង​ចង់​បន្ត​លេង​របៀប​របស់​យើង ហើយ​តែងតែ​គោរព​និង​មិន​មើល​ស្រាល​គូ​ប្រជែង​នោះ​ទេ និយាយ​ទៅ​យើង​ត្រូវ​តែ​ឈ្នះ និង​មិន​ផ្តល់​ឱកាស​សម្រាប់​ពួក​គេ​ទេ”។

បញ្ជាក់​ថា​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ​មេសា ហើយ​ជើង​ទី ១ លេង​នៅ​ទឹកដី​អេស្ប៉ាញ មុន​ហោះ​ទៅ​ចក្រភព​អង់គ្លេស​នៅ​សប្តាហ៍​បន្ទាប់​សម្រាប់​ជើង​ទី ២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT