Chelsea និង PSG ត្រូវ​ជួប​ក្រុម​ណា សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League?

ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​រក​ឃើញ​ហើយ​នូវ​ឈ្មោះ​ក្រុម​ចំនួន ២ ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ នោះ​គឺ PSG ដែល​បាន​យក​ឈ្នះ Bayern Munich ៣-៣ (ឈ្នះ​គ្រាប់​បាល់​ក្រៅ​ដី) ហើយ Chelsea ឈ្នះ Porto ២-១។

យ៉ាង​ណា​ជឿ​ថា​ប្រិយមិត្ត​ប្រាកដ​ជា​ឆ្ងល់​ ថា​តើ​នៅ​វគ្គ​បន្ទាប់​នេះ គេ​នឹង​មាន​ការ​ចាប់ឆ្នោត​ក្រុម​ត្រូវ​ប៉ះ​គ្នា​ទៀត​ឬ​បែប​ណា? ចម្លើយ​យ៉ាង​ខ្លី នោះ​គឺ គ្មាន​ការ​ចាប់ឆ្នោត​អ្វី​ទៀត​នោះ​ទេ ព្រោះ​ការ​ផ្គូផ្គង​បាន​សម្រេច​កាល​ពី​ព្រឹត្តិការណ៍​ចាប់ឆ្នោត​វគ្គ ៨ ក្រុម​នា​ពាក់​កណ្តាល​ខែ​មិនា​រួច​មក​ហើយ។

ជា​លទ្ធផល​សម្រាប់ Chelsea នឹង​ត្រូវ​ជួប​រវាង​ក្រុម Real Madrid ឬ Liverpool ដោយ​រង់ចាំ​អុត​មើល​លទ្ធផល​ប្រកួត​របស់​ពួក​គេ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ជើង​ទី ១ Real ស៊ី Liverpool ៣-១។ គិត​តាម​ភាគរយ​ជាក់ស្តែង​គឺ Chelsea អាច​នឹង​ជួប Real Madrid នៅ​វគ្គ​បន្ទាប់។

ដោយឡែក PSG ដែល​បាន​ទម្លាក់​ក្រុម​ការពារ​ជើង​ឯក គឺ​នឹង​ត្រូវ​ជួប​រវាង​ក្រុម Man City ឬ Dortmund ដោយ​ចាំ​អុត​មើល​លទ្ធផល​នៅ​ជើង​ទី ២ នេះ​ដូច​គ្នា ខណៈ​ជើង​ទី ១ City បាន​យក​ឈ្នះ ២-១ ទៅ​លើ Dortmund។ តាម​ការ​ព្យាករណ៍​ជាក់ស្តែង​គឺ PSG អាច​នឹង​ជួប Man City នៅ​វគ្គ​បន្ទាប់។

បែប​នេះ​មាន​ន័យ​ថា PSG អាច​នឹង​ប៉ះ Man City ហើយ Chelsea អាច​នឹង​ប៉ះ Real Madrid នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល ២០២០/២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT