កាយសម្ព័ន្ធត្រៀមអត្តពលិក ៦នាក់ ចូលរួម ស៊ីហ្គេម ២០២១

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់ថា ការហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាមចុងឆ្នាំ២០២១នេះ គឺកាយសម្ព័ន្ធកម្ពុជាបានត្រៀមបញ្ជូនកីឡាករ៤នាក់ និងកីឡាការិនី២នាក់ ដែលក្នុងនោះកីឡាករជម្រើសជាតិម្នាក់នឹងត្រូវបញ្ជូនទៅហ្វឹកហាត់រយៈពេលវែង នៅចិន នាខែសីហា។

លោកបន្ថែមថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជួលគ្រូបង្វឹកម្នាក់មកពីប្រទេសរុស្ស៊ី ដើម្បីជួយជំរុញលើផ្នែកបច្ចេកទេស ផ្នែកអាអេរ៉ូប៊ិក នៅក្នុងប្រទេសកម្ពុជាយើង ដែលគ្រូបង្វឹករុស្ស៊ីអាចនឹងមកដល់កម្ពុជា នាខែក្រោយនេះតាមការគ្រោងទុក។ ប៉ុន្តែវាអាស្រ័យលើស្ថានភាពជាក់ស្តែងនៃបញ្ហាជំងឺកូវីដ-១៩ បើអាចមកបានយើងនឹងទទួល ប៉ុន្តែបើស្ថានភាពតឹងតែងយើងនឹងពន្យារពេលតាមស្ថានភាពជាក់ស្តែង។

នេះគឺជាផែនការសកម្មភាព ដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងធ្វើដោយការយកចិត្តទុកដាក់ខ្ពស់ តាមការណែនាំយ៉ាងម៉ឺងម៉ាត់បំផុតរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ កីឡាករ កីឡាការិនីកីឡាកាយសម្ព័ន្ធ ត្រូវតែបន្តការហ្វឹកហាត់ជាប់ជាប្រចាំ។ ដូច្នេះហើយទើបយើងតែងតែអនុវត្តន៍ផែនការ ដើម្បីគោលដៅចម្បងៗចំពោះមុខ ក្នុងការថែរក្សាគុណផលរបស់កីឡាករ កីឡាការិនីវ័យក្មេងឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមផង ក៏ដូចជាគោលដៅឆ្ពោះធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។

លោកអគ្គលេខាធិការ ណយ ផាណា បានបញ្ជាក់ពីវិញ្ញាសា ដែលត្រៀមចូលរួមប្រកួតស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាមនេះមានចំនួន៧វិញ្ញាសារួមមាន៖ ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិច (Aerobic) មាន៤ ១-ឯកត្តជនបុរស (IM), ២-គូបុរស-នារី (MP) ៣-ទ្រីយ៉ូ (TR) និងទី៤-អាអេរ៉ូប៊ិកក្រុម (Group)។ រីឯប្រភេទកាយសម្ព័ន្ធអាទិស្ទិក (Artistic) មាន៣ឧបករណ៍ រួមមាន៖ លើកម្រាល (Floor), ២-សេះលោត (Vault) និងវិញ្ញាសាសេះកង (Pommel horse)៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT