ឡើង​ជើង​មួយ​ប្រាវ Lingard មាន​ក្លឹប​យក្ស​ក្រៅ​តំបន់​ធំ ៣ តម្រង់​ជួរ​គ្នា​ចាំ​ចូល​ចែចូវ

Jesse Lingard បាន​កំពុង​ធ្វើ​ព្យុះភ្លៀង​ជាមួយ West Ham នៅ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ក្រុម​ញញួរ​ហាក់​ឡើង​និង​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់។

ចំណែក​របស់​កីឡាករ​អង់គ្លេស​នៅ​ការ​បង្ហាញ​ខ្លួន ៩ ប្រកួត​ឲ្យ​ក្លឹប គេ​រក​បាន​ដល់​ទៅ ៨ គ្រាប់​និង Assist បាន ៤ លើក ហើយ​ជា​ញឹកញយ​រមែង​បង្កើត​ឱកាស​ដ៏​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន ពោល​គឺ​ខុស​ពី Lingard កាល​ពី​ជាង ១ ឆ្នាំ​មុន​ដាច់​ឆ្ងាយ។

ដោយសារ​មើល​ឃើញ​ពី​ទេពកោសល្យ​ដ៏​ប៉ិនប្រសព្វ​នេះ ក៏​នាំ​ឲ្យ​ក្លឹប​ជា​ច្រើន​មិន​ថា​តែ​ក្នុង​និង​ក្រៅ​តំបន់​កំពុង​ខ្វារ​ករ​ចង់​បាន​កីឡាករ​វ័យ ២៨ ឆ្នាំ ព្រោះ​លឺ​ថា​តម្លៃ​ខ្លួន​របស់​គេ​អាច​ជា​ទាប​គួរសម ដោយ​ត្រឹម ៣០ លាន​ផោន​អ្វី​តែ​ប៉ុណ្ណោះ។

តាម​ប្រភព​ពី ESPN ចុះ​ផ្សាយ​ថា ក្លឹប Real Madrid, PSG និង Inter Milan កំពុង​សិក្សា​លើ​ឱកាស​ដ៏​ល្អ​មួយ​នេះ​ហើយ ដោយ​ពួក​គេ​នឹង​ចូល​ចរចា​ជាមួយ​ភាគី​ក្លឹប​អាណាព្យាបាល Man Utd។ ស្ដាប់​ទៅ​ United ហាក់​កំពុង​ប្រែ​ដុំ​ថ្ម​ដែល​គ្មាន​តម្លៃ ដុះ​ខាត់​មក​ក្លាយ​ជា​គ្រាប់​ពេជ្រ​ដែល​គ្រប់​គ្នា​សម្លឹង​មិន​ដាក់​ភ្នែក អ៊ីចឹង​យើង​នឹង​រង់ចាំ​មើល​ថា​តើ​ក្លឹប​ម្ចាស់ដី Old Trafford គិតគូរ​បែប​ណា?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT