Manchester Unitd កំពុងតែចរចាតកុងត្រាឱ្យខ្សែបម្រើ Marouane Fellaini ២ឆ្នាំទៅមុខទៀត ក្រោយពីកុងត្រាចាស់របស់គេនឹងផុតកំណត់នៅចុងរដូវកាលនេះ។
Fellaini បានបញ្ជាក់កាលពីដើមរដូវកាលកន្លងទៅថា រូបគេនឹងចាកចេញពី Old Trafford នៅចប់រដូវកាលនេះ ហើយអាចនឹងទៅចូលរួមជាមួយក្លឹបនៅទួរគី អ៊ីតាលី ឬក្លឹបនៅអង់គ្លេសនេះដែលចាប់អារម្មណ៍រូបគេ។ ផ្ទុយទៅវិញ លោក Jose Mourinho បែរជាបញ្ជាក់ថា Fellaini អាចនឹងតកុងត្រាជាមួយបិសាចក្រហម២ឆ្នាំទៀតទៅវិញ បន្ទាប់ពីកីឡាករបែលហ្សិករូបនេះក្លាយជាតួឯកក្នុងការប្រកួតជាមួយក្រុម Arsenal ។
កីឡាករវ័យ៣០ឆ្នាំរូបនេះ ត្រូវបានគេដឹងថាប្រសិនបើបិសាចក្រហម ព្រមផ្ដល់កុងត្រាថ្មីជាមួយរូបគេ នោះការបន្ដនឹងធ្វើឡើងភ្លាមតែម្ដង បើទោះជាឱកាសក្នុងការបានចូលលេងតិចក៏ដោយ។ Fellaini ចូលខ្លួនជាមួយ Man Utd តាំងពីឆ្នាំ២០១៣កន្លងទៅ ក្នុងតម្លៃខ្លួនផ្ទេរពី Everton ២៧លានផោន៕