ខ្សែប្រយុទ្ធ Jamie Vardy បានប្រកាសចូលនិវត្តពីក្រុមជម្រើសជាតិអង់គ្លេសហើយ ក្រោមហេតុផលចង់មានពេលច្រើនជាមួយគ្រួសារ និងផ្ដោតអារម្មណ៍លេងឱ្យក្លឹប។
Vardy នៅតែមានឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសដដែល ប៉ុន្តែសាមីខ្លួនបានប្រាប់ទៅគ្រូបង្វឹក Southgate ថារូបគេលាឈប់ពីជម្រើសជាតិហើយ។ ហេតុផលដែលឈប់នេះ គឺចង់ប្រើពេលឱ្យបានច្រើនជាមួយគ្រួសារ និងផ្ដោតអារម្មណ៍កាន់តែខ្លាំងជាមួយក្រុម Leicester City ។ បុរសវ័យ៣១ឆ្នាំនេះ បានបញ្ជាក់ទៀតថា៖ “នេះជារឿងពិត ខ្ញុំកាន់តែអាយុច្រើនហើយ ខ្ញុំចង់ឃើញយុវជនបង្ហាញសមត្ថភាពបន្ថែមទៀត ដូចដែលយើងបានឃើញនៅ World Cup ។ ខ្ញុំបានប្រាប់គ្រូបង្វឹកចំពោះការចូលនិវត្ត ហើយគាត់ក៏យល់ព្រមដែរ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានពាក់អាវអង់គ្លេសកន្លងមកនេះ”។
Vardy ទើបតែបានចូលលេងឱ្យជម្រើសជាតិអង់គ្លេស២៦ដងប៉ុណ្ណោះ ហើយរកគ្រាប់បាល់បាន៧គ្រាប់។ រូបគេក៏ជាចំណែកមួយដែលធ្វើឱ្យអង់គ្លេសបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2018 ៕ប្រភព៖ dailymail