កន្លងមកធ្លាប់មានចចាមអារ៉ាមថា អ្នកចាត់ការសញ្ជាតិបារាំងលោក Zinedine Zidane អាចនឹងសម្រេចចិត្តចាកចេញពីក្លឹប Real Madrid ហើយផ្ទេរទៅដឹកនាំក្លឹបនៅអ៊ីតាលីគឺ Juventus ដែលមានកូនក្រុមចាស់ Cristiano Ronaldo កំពុងឈរជើងនៅទីនោះ។
យ៉ាងណាតាមស្ថានភាពសព្វថ្ងៃគេជឿថា Real មិនងាយនឹងឲ្យរបូត Zidane ទៅដោយងាយនោះទេ ព្រោះទាំងនៅ La Liga និង Champions League គឺក្រុមធ្វើបានល្អច្រើន បើធៀបនឹងពេលមុន។
ប៉ុន្តែសាមីខ្លួនផ្ទាល់នៅតែបង្ហើបតម្រុយវិជ្ជមាន ថាវានៅតែអាចនឹងកើតឡើងក្នុងពេលខាងមុខណា។ ពិតណាស់ Zidane ធ្លាប់ចាយពេល ៥ ឆ្នាំនាមជាកីឡាករនៅក្លឹប Juventus ហើយឈ្នះពាន Serie A ២ លើក មុនផ្ទេរមក Madrid នៅឆ្នាំ ២០០១។
ប្រាប់ Sky Italia លោក Zidane និយាយថ៖ “ទាំងប្រទេសអ៊ីតាលីនិងក្លឹប Juventus គឺស្ថិតក្នុងបេះដូងរបស់ខ្ញុំ ដោយខ្ញុំធ្លាប់បានចាយពេល ៥ ឆ្នាំនៅទីក្រុង Turin ហើយ Juventus នៅតែជាក្លឹបសំខាន់មួយសម្រាប់ខ្ញុំ និយាយពីអនាគតជាមួយ Juve? ពេលនេះខ្ញុំកំពុងនៅ Real Madrid តែពេលបន្ទាប់យើងនឹងបានឃើញ”៕
ប្រភព៖ AF