គ្រាដែលសកម្មភាពរបស់ក្រុមជម្រើសជាតិកម្ពុជា បានស្ងប់ស្ងាត់អស់រយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ ជាក់ស្តែងប៉ុន្មានសប្តាហ៍ក្នុងខែសីហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញនូវសកម្មភាពថ្មីៗមួយចំនួន ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុក និងជាពិសេសលើពិភពលោក។
កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ ស្ទើរតែពេាសពេញពិភពលោកហើយ ដែលបានចាប់អារម្មណ៍អំពីបាល់ទាត់កម្ពុជា ពោលគឺជាពេលដែល FFC បានប្រកាសតែងតាំងអតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda ជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិ ដោយរូបគេពុំគិតអំពីប្រាក់ខែឡើយ និងចុះកុងត្រារយៈពេល ០២ឆ្នាំ ។
ក្រោយមកទៀត នៅថ្ងៃទី ២៤ ខែ សីហាកន្លងទៅនេះផងដែរ សហព័ន្ធ ក៏បានបង្ហាញថាឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងចេញជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ ដែលអាចនឹងចេញមុនពេលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះប្រកួតមិត្តភាពអន្តរជាតិជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែ ក្រោយ ។
ហើយកាលពីម្សិលមិញទៀតសោត FFC ដដែល ក៏បានបង្ហោះនូវរូបភាពគំរូរ ដែលជាការរចនាថ្មីរថយន្ដក្រុងក្រុមគោព្រៃកម្ពុជា និងកាន់តែពិសេសជាងនេះទៅទៀត គឺសហព័ន្ធ នឹងជួសជុលរៀបចំការរចនាថ្មីសម្រាប់បន្ទប់ផ្លាស់សំលៀកបំពាក់ក្រុមជម្រើសជាតិកម្ពុជានៅពហុកីឡាដ្ឋានជាតិ ។
ទាំងនេះគឺជាសកម្មភាពថ្មីៗរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានធ្វើ និងបង្ហាញត្រឹមតែក្នុងខែសីហានេះប៉ុណ្ណោះ៕ តើនឹងមានអ្វីថ្មីបន្ថែមទៀត ដែលសហព័ន្ធនឹងបង្ហាញជូនអ្នកគាំទ្រកម្ពុជា មុនពេលកម្ពុជាចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ?