U-23 វៀតណាមបង្កើតប្រវត្តិសាស្រ្តថ្មីនៅ Asian Games ក្រោយរង់ចាំ១៦ឆ្នាំ

កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ ម្សិលមិញនេះ ក្រុមជម្រើសជាតិវៀតណាម U-23 ដែលជាប្រទេសតំណាងឱ្យអាស៊ីអាគ្នេយ៍តែមួយគត់ បង្ហាញខ្លួនវគ្គ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍កីឡា Asian Games បានយកឈ្នះស៊ីរ៊ី ១ ទល់នឹង ០ ទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្រ្ត។
ដោយព្រឹត្តិការណ៍កីឡាករនេះបានបង្កើតតាំងពីឆ្នាំ ១៩៥១ ក៏ពិតមែន តែកាលនោះគឺប្រើប្រាស់កីឡាករឈុតធំទាំងអស់ តែចាប់តាំងពីឆ្នាំ ២០០២ មក ក៏បានផ្លាស់ប្តូរទៅប្រើយុវជនក្រោមអាយុ ២៣ឆ្នាំវិញ ដោយមានលាយឈុតធំ ៣នាក់ ។

វៀតណាម តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៤ ធ្លាប់បានឆ្លងត្រឹមវគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះ ខណៈក្នុងឆ្នាំ ២០១៨នេះ គឺជាប្រវត្តិសាស្រ្តរបស់ពួកគេ ក្នុងរយៈកាល ១៦ឆ្នាំ ។
វាគឺជារឿងល្អផ្ទួនៗរបស់ពួកគេ ដែលកាលពីដើមឆ្នាំកន្លងទៅ គេបានបង្កើតប្រវត្តិសាស្រ្តថ្មីដំបូងផងដែរ គឺឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC U-23 Championship 2018 ទោះបានត្រឹមរងជើងឯកក្តី។

ប្រជាជនវៀតណាម ជាច្រើនម៉ឺននាក់ បានដង្ហែរជ័យជម្នះនៅវគ្គ៨ក្រុមចុងក្រោយនេះ ដែលវាមិនមែនជារឿងថ្មីរបស់ពួកគេនោះទេ ពោលគឺក្រោយពីឆ្លងវគ្គ១៦ក្រុមចុងក្រោយ ក៏ពួកគេបានដង្ហែរអបអររួចទៅហើយ ។
អ្វីដែលត្រូវចាំមើលជាបន្តថាតើ​ U23 វៀតណាម អាចឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានដែរឬទេ ព្រោះថាពួកគេត្រូវជួប កូរ៉េខាងត្បូង នៅវគ្គនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT