ជាទូទៅសម្រាប់ការប្រកួតបាល់ទាត់នៅតំបន់អឺរ៉ុប បើឈានចូលមកដល់ខែមេសា គឺមានន័យថារដូវកាលកៀកនឹងបញ្ចប់ប្រហែល ៧៥ ភាគរយហើយ។ មិនថាតែការប្រកួតក្នុងលីគ និងពានរង្វាន់ធំតូចឯទៀត បានឈានចូលមកដល់វគ្គក្ដៅគគុកជាបណ្តើរៗ។
បើរាប់ចាប់ពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ មេសានេះតទៅ លើទំព័រ CTS Sports នឹងមានការផ្សាយផ្ទាល់ជាបន្តបន្ទាប់នៅប្រកួតសំខាន់ៗជាច្រើន ដែលអ្នកគាំទ្រទន្ទឹងរង់ចាំយូរណាស់មកហើយ។ យើងធ្វើការសង្ខេបព្រឹត្តិការណ៍ធំៗចំនួន ៧ នៅខែមេសាបង្ហាញឲ្យអ្នករាល់គ្នាបានដឹង៖
១) ការប្រកួតវគ្គ ៨ ក្រុម UCL
ដូចអ្នកបានដឹងស្រាប់ហើយគឺទាំង ៤ នោះមានដូចជា Real Madrid-Liverpool, City-Dortmund, Bayern-PSG និង Porto-Chelsea។ សម្រាប់ជើងទី ១ ប្រកួតនៅព្រឹកថ្ងៃទី ៧/៨ មេសា ខណៈជើងទី ២ ប្រកួតនៅព្រឹកថ្ងៃទី ១៤/១៥ មេសា។
២) ការប្រកួតវគ្គ ៨ ក្រុម UEL
នៅម៉ោង ០២:០០ នាទីព្រឹក ថ្ងៃទី ៩ មេសា ក្រុមទាំង ៨ នៅ Europa League ក៏នឹងបើកការប្រកួតជើងទី ១ ដោយគូទាំង ៤ មានដូចជា Arsenal ទល់ Slavia Praha, Granada ទល់ Man Utd, Ajax ទល់ Roma និង Dinamo Zagreb ទល់ Villarreal។ ដោយឡែកការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៦ មេសា។
៣) ការប្រកួត El Clasico និង Man Utd ទល់ Spurs
Real Madrid ត្រូវធ្វើការធ្ងន់ផ្ទួនៗគ្នា ព្រោះដើម្បីប្រជែងពានរង្វាន់ធំ ២ គឺមួយនៅ Champions League និងមួយផ្សេងទៀតនៅលីគអេស្ប៉ាញ La Liga។ ក្រោយពីចប់ជើងទី ១ ទល់ Liverpool រំលងដល់ចុងសប្តាហ៍ វេលាម៉ោង ០២:០០ នាទី ព្រឹកថ្ងៃទី ១១ មេសា ពួកគេនឹងត្រូវជួបក្រុម Barcelona ដែលគេហៅថាជំនួប El Clasico។ លំដាប់ពិន្ទុរបស់ Real នៅក្រោយ Barca ២ ពិន្ទុ ហើយនៅចាញ់ At ដែលឈរកំពូលតារាង ៣ ពិន្ទុ។
នៅថ្ងៃអាទិត្យដដែលនេះ ឈានដល់វេលាម៉ោង ១១:៣០ នាទីយប់ បង្វែរមកលីគកំពូលអង់គ្លេស Premier League ក៏មានប្រកួតធំមួយដែរ នោះគឺ Man Utd ត្រូវចូលជួបក្រុមម្ចាស់ផ្ទះ Tottenham Hotspur ដែលជាប្រកួតជុំទី ៣១។
៤) វគ្គផ្ដាច់ព្រ័ត្រ Copa del Rey
នៅរដូវកាល ២០២០/២១ ពានរង្វាន់ Copa del Rey គឺនឹងរកឃើញក្រុមឈ្នះជើងឯកមួយក្នុងចំណោមក្រុម Athletic Club និង Barcelona។ ប្រកួតនេះធ្វើឡើងនៅយប់ថ្ងៃសៅរ៍ ទី ១៧ មេសា តែពេលវេលាច្បាស់លាស់មិនទាន់មានការបញ្ជាក់នៅឡើយ។
៥) FA Cup វគ្គ ៤ ក្រុម
នៅវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃសោរ៍ ទី ១៧ មេសា ក្រុមតោខៀវ Chelsea នឹងត្រូវតតាំងមេឃខៀវ Man City ហើយរំលងបាន ២ ថ្ងៃវេលាម៉ោង ១២:៣០ នាទីយប់ថ្ងៃទី ១៩ មេសា ក្រុម Leicester នឹងត្រូវតតាំង Southampton។ រវាងក្រុមទាំង ៤ នឹងចម្រាញ់យក ២ ក្រុមឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ FA Cup។
៦) ការវិលត្រលប់មកវិញនៅលីគកំពូលអាមេរិក MLS
Major League Soccer ឬហៅកាត់ MLS នៅរយៈពេលចុងក្រោយ ក៏ទទួលបានការចាប់អារម្មណ៍គួរសម ព្រោះបណ្តុំទៅដោយកីឡាករកំពូលមួយចំនួនប្រចាំតំបន់អឺរ៉ុបទៅចូលរួមនៅទីនោះ។ ជាពិសេសគឺគេចង់អង្កេតមើលនៅក្លឹប Inter Miami របស់លោក David Beckham ដែលវានឹងអាចក្លាយជាទ្រនំចុងក្រោយរបស់កីឡាករកំពូលជាច្រើន។
៧) ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL
ក្រោយចប់ការប្រកួត Champions League នៅថ្ងៃទី ១៥ មេសា គឺក្រុមទាំង ៤ មិនរង់ចាំការចាប់ឆ្នោតអ្វីទៀតនោះទេ ព្រោះលទ្ធផលផ្គូផ្គងវគ្គបន្ទាប់នេះ គឺបានប្រកាសព្រមគ្នាកាលពីព្រឹត្តិការណ៍ចាប់ឆ្នោតវគ្គ ៨ ក្រុមរួចទៅហើយ។
នោះគឺអនុវត្តតាមលទ្ធផលផ្គូផ្គង ក្រុមដែលឈ្នះនៅគូទី ៣ (Bayern-PSG) ត្រូវប៉ះក្រុមដែលឈ្នះនៅគូទី ១ (Man City-Dortmund) ហើយក្រុមដែលឈ្នះនៅគូទី ២ (Porto-Chelsea) ត្រូវប៉ះក្រុមដែលឈ្នះនៅគូទី ៤ (Real Madrid-Liverpool)។
មុនបិទទំព័រខែមេសា ក្រុមទាំង ៤ ក៏នឹងត្រូវប្រកួតគ្នាជើងទី ១ នៅថ្ងៃទី ២៧ មេសា ខណៈជើងទី ២ លេងនៅខែក្រោយថ្ងៃទី ៤ ឧសភា៕