Salah ​កំពុង​មាន​បញ្ហា​ជាមួយ​សហព័ន្ធ​អេហ្ស៊ីប ​ធ្វើ​ឱ្យ​មិន​ច្បាស់​អនាគត​នៅ​ជម្រើស​ជាតិ

Mohamed Salah ​កំពុង​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កាយ​វិការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អេហ្ស៊ីប ​ក្រោយ​ពីសហព័ន្ធ​យក​រូបភាព​របស់​ខ្លួន​ទៅ​ប្រើ​ប្រាស់​ដោយ​មិន​មាន​ការ​អនុញ្ញាត។

Salah ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ​ថា​៖ “វា​ជា​រឿង​ធម្មតា​ដែល​សហព័ន្ធ​ត្រូវ​ដោះស្រាយ​រឿង​កីឡាករ ​ដើម្បី​ឱ្យ​ពួកគេ​សប្បាយ​ចិត្ត។ ប៉ុន្តែ​ជាក់​ស្ដែង អ្វី​ខ្ញុំ​ឃើញ​គឺ​ផ្ទុយ​ពី​នេះ។ វា​មិន​ធម្មតា​ទេ​ចំពោះ​សារ​របស់​ខ្ញុំ ​និង​មេធាវី ​បាន​ផ្ញើ​ទៅ​សហព័ន្ធ​ហើយ ប៉ុន្តែ​ពួកគេ​ធ្វើ​ព្រងើយ។ ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អី​ទេ។ តើ​អ្នក​ពិត​ជា​មិន​មាន​ពេល​វេលា​ដើម្បី​ឆ្លើយ​តប​ពួក​យើង”។

ភ្នាក់ងារ​ទីផ្សារ​របស់ Salah ​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​ខាង​លើ​នេះ​ដែរ។ ខណៈ​ដែល​ខាង​សហព័ន្ធ​បាន​ធ្វើ​ព្រងើយ​ចំពោះ​សា​របស់​ Salah ​ដែល​បាន​ផ្ញើ​ទៅ​សហព័ន្ធ​តាំង​ពី​១​ខែ​មុន​ម្ល៉េះ។ យ៉ាងណាមិញ ​ខាង​អេហ្ស៊ីប ​បង្ហើប​ថា​ពួកគេ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​បំផុត ​មិន​ឱ្យ​នៅ​យូរ​ទៀត​ទេ។

ការ​មិន​ពេញ​ចិត្ត​គ្នា​នេះ​ដែរ ​អាច​នឹង​បង្ក​ឱ្យ​មាន​រឿង​មិន​ល្អ​កើត​ឡើង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប ​ស្រប​ពេល​ដែល Salah ​ផ្ទាល់​ក៏​មិន​ទាន់​សម្រេច​ចិត្ត​យ៉ាង​ណា ​ចំពោះ​ជម្រើស​ជាតិ​ថា​គួរ​បន្ដ​ឬ​យ៉ាង​ណា​ដែរ៕ប្រភព៖ DailyMail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT