ជើង​ខ្លាំង Danny Kingad​វិភាគ​ជំនួប​ដណ្តើម​ខ្សែក្រវាត់ រវាង Moraes និង DJ

ជើង​ខ្លាំង​គុន​ចម្រុះ​ហ្វីលីពីន Danny Kingad ​បាន​វិភាគជំនួប​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Flyweight រវាង​ម្ចាស់​ខ្សែ​ក្រវាត់  Adriano “Mikinho” Moraes និង​អ្នក​ដណ្តើម Demetrious “Mighty Mouse” Johnson នៅ​ព្រឹត្តិការណ៍ “ONE on TNT I” ថ្ងៃ​​ពុធ ទី​៧ ខែ​មេសា។

សម្រាប់​កីឡាករទាំង​ពីរ​នាក់​សុទ្ធ​តែ​ដៃ​គូ​ចាស់​របស់​ “The King”​ដែល​ធ្លាប់​ប្រកួត​ជា​មួយ​រូប​គេ​ ហើយ​ស្គាល់​ច្បាស់​ពី​សមត្ថភាព​របស់​កីឡាករ​ទាំង​ពីរ​នាក់​នេះ។ សម្រាប់​ជំនួប​នេះ​នឹង​ផ្សាយ​ផ្ទាល់​ទៅ​កាន់​ម៉ោង​មាស​នៅ​សហរដ្ឋ​អាមេរិក​​ដែល​ត្រូវ​បាន​កីឡាករ​ហ្វីលីពីន​គិត​ថា នឹង​ល្អ​មើល​ខ្លាំង។

កីឡាករ​និយាយ​ថា ៖«មែន​ទែន​ទៅ ជំនួប​នេះ​ពិបាក​ស្មាន​ណាស់។ យើង​ពិត​ជា​ពិបាក​និយាយ​ទុក​មុខ​ថា​ នរណា​នឹង​ឈ្នះ។ ធ្លាប់​ប្រកួត​ជា​មួយ​ពួក​គាត់ ដូច្នេះ​ខ្ញុំ​ស្គាល់​ពួក​គាត់ ហើយ​អាច​និយាយ​បាន​ថា ពួក​គាត់​ពិត​ជា​កីឡាករ​ខ្លាំង​ដូច​គ្នា»។

Kingad ទទួល​បាន​បទ​ពិសោធច្រើន​នៅ​ពេល​ប្រកួត​ជា​មួយ​ Johnson។ កីឡាករ​អាយុ​២៥​ឆ្នាំ​បាន​ប្រកួត​ជា​មួយ​ “Mighty Mouse” នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់ ONE Flyweight World Grand Prix ដែល​រូប​គេ​ចាញ់​កីឡាករ​អាមេរិក​ដោយ​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពី​តស៊ូ​គ្នា​៥​ទឹក។

Kingad និយាយ​ថា ៖«គាត់​ជា​ជើង​ខ្លាំង​គ្រប់​សម័យ​កាល (GOAT)។ គាត់​ពិត​ជា​មាន​បច្ចេកទេស​ល្អ ហើយ​គាត់​លឿន​ណាស់។ វា​ពិត​ជា​ពិបាក​ខ្លាំង​ដើម្បី​លេង​​ក្បាច់​ក្រោម​ជជា​មួយ​គាត់»។

ជា​មួយ​គ្នា​ កីឡាករ​ហ្វីលីពីនក៏​បាន​​ប្រកួត​ជា​មួយ Moraes ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Flyweight កាល​ពី​ឆ្នាំ​២០១៧​ដែល​ពេល​នោះ​រូប​គេ​ទើប​មាន​អាយុ​២២​ឆ្នាំ​ប៉ុណ្ណោះ។

សម្រាប់​ការ​ប្រកួត​នោះ Kingad មិន​បាន​តស៊ូ​ជា​មួយ​តារា​ប្រេស៊ីល​យូរ​ទេ ដោយត្រូវ​បាន​ម្ចាស់​ខ្សែ​ក្រវាត់​ប្រើ​ក្បាច់​រឹត-កឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​១ ប៉ុន្តែ​​​គាត់​ជឿ​ថា នៅ​ពេល​នោះ​មិន​ដូច​ពេល​នេះ​ទេ។

«នៅ​ពេល​ខ្ញុំ​ប្រកួត​ជា​មួយ​ Moraes គឺ​យូរ​ដែរ​ហើយ ហើយ​ឥឡូវ​នេះ​គាត់​ខុស​ប្លែកពី​មុន​ច្រើន»។ កីឡាករមក​ពី​ក្លឹប Team Lakay បាន​និយាយ។

«ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ពេល​ខ្លី។ ពេល​នោះ​មិន​បាន​ត្រៀម​ខ្លួន​ល្អ​សម្រាប់​ទប់​ទល់​នឹង​ក្បាច់​ក្រោម​របស់​គាត់​ទេ។ អីចឹង​ហើយ​បាន​ជា​ការ​ប្រកួត​នោះ​បញ្ចប់លឿន»។

Kingad ជឿ​ថា  Moraes រីក​ចម្រើន​ខ្លាំង​ដែរ​ចាប់​តាំង​ពីពួក​គេ​ប្រកួត​គ្នា។ លើស​ពី​នេះ​ទៀត​ គាត់​គិត​ថា កីឡាក​រ​ប្រេស៊ីលមាន​អាវុធ​សំខាន់​ដែល​អាច​បង្អាក់ Johnson បាន​ នោះ​គឺ​ក្បាច់​វ៉ៃ​ពី​ចម្ងាយ​ដែល​អាច​រារាំង​ដល់​ការ​សម្រុក​ចូល​អោប។

Kingad និយាយ​ថា ៖«​គិត​ថា គាត់​មាន​ប្រៀប​វ៉ៃ​ពី​ចម្ងាយ ដោយ​សារ​គាត់​ដៃ​ជើង​វែង។ គាត់​ជា​ជើង​ឯក​ អីចឹង​គ្មាន​ហេតុ​ផល​ណា​ដែល​គាត់​មិន​ល្អ​ទេ»។

«គាត់​ជា​ជើង​ឯក​ពិភព​លោក​ម្នាក់ ដូច្នេះ​បើ​គាត់​មិន​ខ្លាំង មិន​មែន​ក្លាយ​ជា​ជើង​ឯក​ទេ។ រឿង​មួយ​គួរ​ឲ្យ​កត់​សំគាល់​បំផុត​អំពី​គាត់​គែ​ក្បាច់​ក្រោម។ គាត់​អាច​កំដរ Johnson បាន»។

ពិត​ណាស់ ការ​ប្រកួត​ជា​មួយ Johnson ពិត​ជាខុស​គ្នា​ឆ្ងាយសម្រាប់​គាត់។ កីឡាករ​ហ្វីលីពីនបាន​និយាយ​ពី​លក្ខណៈ​ពិសេស​រវាង “Mighty Mouse” និង “Mikinho”។

Kingad ​ថា ៖«ភាព​ខុស​គ្នា​រវាង​អ្នក​ទាំង​ពីរល្បឿន ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា Johnson លឿន​ជាង ទាំង​កាយ​សម្បទា និង​ស្មារតី»។

«នោះ​ជា​អ្វី​ដែល​គាត់​មាន​លក្ខណៈ​ពិសេស​ខ្លាំង។ គាត់​តែ​ង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​ដៃគូ។ គាត់​គិត​លឿន ចលនា​​ផ្លាស់​ទី​​លឿន ហើយ​​ដឹង​ពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ និង​ដឹង​ពី​អ្វី​ដែល​ដៃ​គូ​ត្រូវ​ធ្វើ»។

នៅ​ពេល​សួរ​ឲ្យ​គាត់​ធ្វើ​ការ​ព្យាករ កីឡាករ​ហ្វីលីពីន​មិន​បាន​ទុក​ចិត្ត​ទៅ​លើ Moraes ដែល​បញ្ឈប់​គាត់​ក្នុង​ទឹក​ទី​១​ទេ ប៉ុន្តែ​ទុក​ចិត្ត​លើ Johnson ដែល​យក​ឈ្នះ​គាត់​ដោយ​ពិន្ទុ។

Kingad បញ្ជាក់​ថា «ដូច​ខ្ញុំ​និយាយ​អីចឹង គូ​នេះ​ពិបាន​ស្មាន​ណាស់។ តែ​ឲ្យ​​ជ្រើស​រើស ខ្ញុំ​យក DJ ឈ្នះ​ដោយ​ពិន្ទុ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT