Jose Mourinho ៖ ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​អាត្មា​និយម​ឡើយ ​ខ្ញុំ​ស្រលាញ់ Man Utd

លោក Jose Mourinho ​បាន​បញ្ជាក់​ជា​ថ្មី ​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា​លោក​ពិត​ជា​ស្រលាញ់​ក្លឹប Manchester United ​ពិត​មែន ​មិន​មែន​គ្រាន់​តែ​ធ្វើ​ការ​ដើម្បី​ប្រាក់​ខែ​នោះ​ឡើយ។

អ្នក​ចាត់ការ​ខាង​លើ​រង​ការ​រិះគន់​ច្រើន ​ពី​សំណាក់​អ្នក​គាំទ្រ ក្រោយ​ពី​ក្រុម​មិន​ទទួល​បាន​ផល​ល្អ​នា​ការ​ប្រកួត​រដូវ​កាល​ថ្មី​២​ប្រកួត​កន្លង​មក ឈ្នះ​១​និង​ចាញ់​១។ យ៉ាង​ណាមិញ ​លោក Jose ​នៅ​តែ​រក្សា​ចិត្ត​និង​ស្នើ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​បន្ដ​គាំទ្រ​ក្លឹប​ត​ទៀត ​ព្រោះ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ប៉ុណ្ណោះ ​នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។

អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​បាន​និយាយ​ថា​៖ “អ្នក​គាំទ្រ​នឹង​នៅ​តែ​គាំទ្រ​ជា​និច្ច​សម្រាប់​បិសាច​ក្រហម។ មិន​មែន​សម្រាប់​ខ្ញុំ​ឡើយ ប៉ុន្តែ​វា​ជា​ការ​គាំទ្រ​សម្រាប់​ក្រុម​ទាំង​មូល។ ក្នុង​អាជីព​របស់​ខ្ញុំ ​ខ្ញុំ​មិន​ដែល​អាត្មា​និយម​ឡើយ ខ្ញុំ​តែងតែ​គិត​ប្រយោជន៍​រួម ​គិត​ដល់​ក្លឹប ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​ធ្វើ​រហូត​មក។ ខ្ញុំ​ជឿ​ជាក់​ថា​អ្នក​គាំទ្រ​នឹង​នៅ​បន្ដ​គាំទ្រ ​លើក​ទឹក​ចិត្ត​កីឡាករ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Spurs ​នៅ​រាត្រី​នេះ”។

សូម​បញ្ជាក់​ថា​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​បើក​កីឡដ្ឋាន Old Trafford ​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ Spurs ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​អង់គ្លេស៕ប្រភព៖ Telegraph

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT