Messi ទាមទារ ២ ចំណុច​ធំ​នេះ​ឲ្យ​បាន​សិន ទើប​ព្រម​សម្រេច​បន្ត​កុងត្រា​ថ្មី

តារា​ឆ្នើម Lionel Messi នឹង​សម្រេច​ពី​អនាគត​របស់​ខ្លួន​ជាមួយ​ក្លឹប Barcelona យូរ​បំផុត​ត្រឹម​ខែ​ឧសភា​ខាង​មុខ ហើយ​ពេល​ចុង​ក្រោយ​នេះ​មាន​របាយការណ៍​មក​ថា លោក​ទាមទារ​លក្ខខណ្ឌ​ចម្បង ២ ពី​ភាគី​ក្លឹប Barcelona។

ប្រសិន​ភាគី​ក្លឹប​ព្រម នោះ​ការ​បន្ត​កុងត្រា​ថ្មី ក៏​លោក​នឹង​យល់​ព្រម​ដូច​គ្នា ហើយ​មាន​ន័យ​ថា M10 នឹង​បន្ត​ឈរ​ជើង​ជាមួយ Barcelona ដល់​អាច​នឹង​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​ក៏​ថា​បាន។

លក្ខខណ្ឌ​ទី ១ គឺ Messi ទាមទារ​ឲ្យ Barcelona លៃលក​ការ​នាំ​យក​កីឡាករ​កំពូល​ថ្មី​ចូល​ក្រុម ដោយ​ក្នុង​នោះ​មាន​គោលដៅ​ធំ ៣ ដែល​អាច​ចុះ​ហត្ថលេខា​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន រួម​មាន Sergio Aguero, Eric Garcia និង Memphis Depay ហើយ​ Aguero គឺ​ជា​កីឡាករ​ដែល M10 ចង់​ឲ្យ Barca នាំ​យក​បំផុត។

លក្ខខណ្ឌ​ទី ២ គឺ​ពង្រឹង​កិច្ច​ប្រាស្រ័យ​ទាក់ទង​រវាង​អ្នកចាត់ការ និង​ថ្នាក់​លើ​នៃ​ក្លឹប​បន្ថែម​ទៀត។ ដោយ​គេ​ជឿ​ថា​ ទំនាក់ទំនង​រវាង Messi និង Koeman គឺ​ល្អ​ជាង​ជំនាន់​ជាមួយ Setien និង Enrique ទៅ​ទៀត តែ​លោក​ចង់​បន្ត​ដល់​ថ្នាក់​លើ​ដូច​ជា​លោក Ramon Planes និង Joan Laporta ឲ្យ​មាន​ការ​និយាយ​បើក​ចំហ​ជាមួយ​លោក​ដែរ ដើម្បី​ធានា​ពី​ភាព​សុខស្រួល​ផ្លូវ​ចិត្ត​នៅ​ក្លឹប​កាតាឡាន់​បន្ត​ទៅ​ទៀត។

រំឭក​ថា​រដូវ​កាល ២០២០/២១ បើ​ទោះ​បី​មាន​រឿង​រកាំរកូស​មួយ​ចំនួន តែ​កីឡាករ​អាហ្សង់ទីន​នៅ​តែ​អាច​បង្ហាញ​ទម្រង់​លេង​ល្អ ជាក់ស្តែង​នៅ ២៦ ប្រកួត​ La Liga លោក​រក​បាន ២៣ គ្រាប់៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT