ខ្សែការពារ Sergio Ramos លេងឱ្យជម្រើសជាតិអេស្ប៉ាញលើកនេះបានតិចមែនទែន ដោយសារតែមានបញ្ហារបួសជង្គង់នៅមិនទាន់ស្រួលបួលនៅឡើយ។
ក្នុងការប្រកួតដែលក្រុមអេស្ប៉ាញលេងឈ្នះក្រុមកូសូវ៉ូក្នុងលទ្ធផល ៣-១ នេះ ខ្សែការពារ Ramos បានប្ដូរចូលនៅនាទី៨៦ ពោលគឺជិតចប់ការប្រកួតទៅហើយ។ ដោយឡែក២ប្រកួតកន្លងមកវិញ កាលប៉ះជាមួយក្រុមក្រិក គឺរូបគេលេងបាន៤៥នាទីតង់ទី១។ និងការប្រកួតទល់ក្រុមហ្សក់ហ្សីវិញ គឺអង្គុយកៅអីបម្រុងមិនបានចូលលេងទេ។ ការលេងបានតិចនេះហើយ ទើបមានអ្នកគាំទ្រជាច្រើនដាក់ចម្ងល់?
ទាក់ទងបញ្ហានេះ ខ្សែការពារវ័យ៣៥ឆ្នាំបាននិយាយថា៖ “ខ្ញុំកំពុងធ្វើវាម្ដងបន្តិចៗ។ គ្រូបង្វឹក Luis Enrique ក៏បានយល់ដែរ អ្វីដែលកើតឡើងលើខ្ញុំ យើងត្រូវយកចិត្តទុកដាក់ព្រោះជារបួសជង្គង់។ ខ្ញុំក៏ដូចកីឡាករដទៃទៀតដែរ ពេលខ្ញុំលេងបាន១១នាក់ដំបូង ខ្ញុំសប្បាយចិត្ត”៕ប្រភព Marca