• លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោននិងព្រះខ័នរាជស្វាយរៀងបន្តភាពមិនទាន់​បរាជ័យ

    ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង, ក្រុមអាស៊ីអឺរ៉ុប និងភ្នំពេញក្រោន ប្រជែងបាន៣ពិន្ទុពីគូប្រកួតរៀងៗខ្លួន នៅក្នុងការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី៤ កាលពីរសៀលថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២១ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១។

    ៣ក្រុម ដែលប្រជែងបាន៣ពិន្ទុពីគូប្រកួតរបស់ខ្លួននេះ រួមមាន៖ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ៣ទល់១, ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីតបានយកឈ្នះក្រុមនគរបាលជាតិ ដោយលទ្ធផល ៣ទល់២ ខណៈក្រុមភ្ញៀវភ្នំពេញក្រោនបានធ្វើដំណើរទៅស្វែងរក៣ពិន្ទុដល់ផ្ទះគីរីវង់សុខសែនជ័យ ដោយលទ្ធផល ២ទល់១។ ដោយឡែកការប្រកួតផ្សេងៗផ្សេងៗទៀត ត្រូវបានលើកពេលជាបណ្តោះអាសន្នចំនួន៣ប្រកួត ស្របពេលដែលការប្រកួតសប្តាហ៍ទី២ និងទី៣ កន្លងទៅក៏ពន្យារពេលការប្រកួតដោយសារវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលនៅតែបង្កផលប៉ះពាល់យ៉ាងខ្លាំងក្លានៅឡើយ។

    សម្រាប់ការប្រកួត ដែលទាក់ទាញខ្លាំងប្រចាំសប្តាហ៍ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ កាលពីល្ងាចថ្ងៃ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១ គឺក្រុមភ្ញៀវណាហ្គាបានបើកការនាំមុខ១គ្រាប់មុន ក្នុងនាទីទី២០ បន្ទាប់ពីខ្សែការពារ រៀម ស៊ឹង បញ្ជូនឱ្យកីឡាករ ឡេង មករា តែតបញ្ចូលទីផុតដៃអ្នកចាំទី អាំ សុវណ្ណារ៉ាត់។ រំលងត្រឹមតែ៥នាទី កីឡាករ PrivatMbarga កាត់បាល់ពីស្លាបខាងស្ដាំ ហើយខ្សែប្រយុទ្ធអេស្ប៉ាញ Mika ទាត់បញ្ចូលទីតាមស្មើបានសម្រេច។ ដល់នាទី៤៣ ក្រុមម្ចាស់ផ្ទះរបស់គ្រូបង្វឹក លោក Conor Nestor បន្ថែមការនាំមុខមួយគ្រាប់ទៀត តាមរយៈរបៀបដដែល ដោយ Privat ប៉ះឱ្យ Mika ទាត់បញ្ចូលទីសាជាថ្មី។

    នេះគឺជាគ្រាប់ទី៤របស់ Mika ដែលមានឈ្មោពេញថា Miguel ÁngelJunco Martínez។ គេរកបាន២គ្រាប់ដូចគ្នាកាលឈ្នះក្រុមអគ្គិសនីកម្ពុជា ៦ទល់នឹង១ ក្នុងថ្ងៃបើកឆាក។ គ្រាប់ទី៣របស់ក្រុមជើងឯកង លីគកំពូលកម្ពុជា កាលពីរដូវកាល ២០២០ កើតឡើងតាមរយៈខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀត គឺកីឡាករ Robert Lopez Mendy បន្ទាប់ពីទទួលបានបាល់ពីការបញ្ជូនយ៉ាងល្អដោយ Thiago Santos ក្នុងនាទី៩០៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT