លោក RYU HIROSE បើកការស្វាគមន៍ និងឆន្ទៈក្នុងឋានៈជាគ្រូបង្គោលថ្មីក្រុមជម្រើសជាតិកម្ពុជា

លោក RYU HIROSE គ្រូបង្គោលក្រុមបាល់ជាត់ជម្រើសជាតិកម្ពុជា ដែលជាជនជាតិជប៉ុន ​ហើយដែលទើបនឹងទទួលដំណែងថ្មីជំនួសគ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix G. Dalmasបានបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងដំណើរដឹកនាំក្រុមប្រកួតអន្តរជាតិនានា និងឆ្ពោះទៅ ស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២​ ឆ្នាំ២០២៣ នៅកម្ពុជា។

ស្ថិតនៅក្នុងវ័យ៦៥ឆ្នាំ លោក RYU HIROSE បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្ត ដែលបានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ ក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ខ្ញុំនឹងទទួលខុសត្រូវលើគ្រប់បញ្ហា ដែលកើតមានឡើង បើទោះបីមានភាពលំបាក ស្មុគស្មាញយ៉ាងណាក៏ដោយ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងលះបង់ខ្លួនប្រាណ ឆន្ទៈរបស់ខ្ញុំ និងយកបទពិសោធន៍ ដែលបានពីអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្ញុំទាំងប៉ុន្មាន ដើម្បីជួយបណ្តុះបណ្តាលឱ្យកីឡាករ មានការអភិវឌ្ឍ រីកចម្រើនទៅមុខ និងកសាងក្រុមមួយ ដែលខ្លាំងសម្រាប់ប្រកួតប្រជែងជាមួយក្រុមនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ។ សូមអរគុណដល់បងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ ជួបតែសំណាងល្អ»។ នេះជាការលើកឡើងរបស់លោក ដែលត្រូវបានលើកឡើងជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

លោក RYU HIROSE ក្នុងឋានៈជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា នឹងរួមគ្នាជាមួយលោក Keisuke Honda ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលបន្តកិច្ចសន្សាថ្មីដល់ឆ្នាំ២០២៣ បន្ទាប់ពីកិច្ចសន្យាចាស់ នាខែសីហា ឆ្នាំ២០១៨ដល់ខែសីហា ឆ្នាំ២០២០។

ការកាន់កាប់ដំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជារបស់លោក RYUHIROSE នឹងត្រូវបន្តនូវភារកិច្ចធំៗជាច្រើន ដូចជា ការប្រកួតជម្រុះជុំទី២ FIFAWorld Cup Qatar 2022 នាអំឡុងពាក់កណ្តាលឆ្នាំ២០២១នេះ ចំនួន៣ប្រកួត, ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup, AFF Suzuki Cup និងព្រឹត្តិការណ៍ SEA Games លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នំា២០២១ នៅប្រទេសវៀតណាម  និងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT